ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បែរៗផ្ទះរបស់បុរសម្នាក់ដែលស្លាប់ កាលពីជិត១អាទិត្យមុន និយាយថា ពួកគាត់ខ្លាចខ្មោចលងគ្រប់ៗគ្នា ដោយសារខ្មោចនេះបានលងធ្វើជារូបភាពនិងសំឡេងប្លែកៗ ដូចជារើចានរើឆ្នាំង ឮសំឡេងពុះអុសពេលយប់ ស្រែកថ្ងូរយំដូចកាលពីនៅរស់ និងជួនកាលបង្ហាញឲ្យក្មេងៗនិងចាស់ៗឃើញតែក្បាលដេកនៅលើផ្ទះពេល ថ្ងៃ ព្រមទាំងធ្វើឲ្យឆ្កែអ្នកភូមិនៅក្បែរនោះលូ និងព្រុសជារៀងរាល់យប់ តែពេលពួកគាត់នាំគ្នាចេញមកមើលមិនឃើញមានអ្វីទាល់តែសោះ ។
ប្រជាពលរដ្ឋនិយាយទៀតថា បុរសម្នាក់នេះស្នាក់នៅជាមួយម្តាយចំណាស់ម្នាក់អាយុជាង៧០ឆ្នាំ តែដោយសារជីវភាពក្រីក្រម្តាយមិនបានរកពេទ្យព្យាបាលឲ្យបានដិតដល់ ទេ ខណៈពេលបុរសរូបនេះ មានជំងឺឆ្កួតជ្រូក បណ្តាលឲ្យប្រកាច់រាល់ថ្ងៃក្នុង១ថ្ងៃ៣ទៅ៤ដង ចាប់តាំងពីអាយុ១៧ឆ្នាំហើយរហូតមកដល់វេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៩ មិថុនា ២០១២ ក៏ស្លាប់បាត់បង់ជីវិតទៅ បន្ទាប់ពីបុរសរូបនេះក្តៅអន្ទះអន្ទែង ហើយស្រែកហៅឲ្យគេជួយដងទឹកមកចាក់ស្រោចលើខ្លួននៅក្នុងផ្ទះ ។ ក្រោយពីស្លាប់ ក្រុមអ្នកភូមិបាននាំគ្នានិមន្តព្រះសង្ឃឲ្យមកសូត្រធម៌ធ្វើបុណ្យ តាមប្រពៃណី រួចពួកគាត់បាននាំគ្នាសែងសពបុរសក្រីក្រម្នាក់នេះយកទៅបូជានៅ ខាងកើតផ្ទះប្រហែលជា១០០ម៉ែត្រ លុះចាប់តាំងពីពេលនោះមកយប់ឡើងព្រលឹងរបស់គេតែងលងបន្លាចអ្នក ភូមិនៅក្បែរនោះពុំដែលខាន ។
ហេតុការណ៍ខ្មោចលងនេះ បានកើតឡើងជារៀងរាល់យប់ថ្ងៃចាប់តាំងពីថ្ងៃ៣០ មិថុនា មកហើយរហូតមកដល់ថ្ងៃទី៣ កក្កដា ក៏នៅមិនទាន់ឈប់ ស្ថិតក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ។ បុរសដែលស្លាប់នេះឈ្មោះគង់ ស្រី អាយុ៣០ឆ្នាំ ។
ដូនចាស់អាយុ៧២ឆ្នាំដែលត្រូវជាម្តាយរបស់សពបានឲ្យដឹងថា រូបគាត់មានកូនចំនួន៣នាក់១-ឈ្មោះគង់ ទី ភេទស្រី អាយុ៤៧ឆ្នាំ គឺ២-ឈ្មោះគង់ សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ និងកូនពៅដែលស្លាប់ជាកូនទី៣-ឈ្មោះគង់ ស្រី ភេទប្រុស អាយុ៣០ឆ្នាំ ។ គាត់មានស្រុកកំណើតនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ លោកយាយនិងកូនប្រុសពៅម្នាក់នេះបានមករស់នៅក្នុងភូមិអូរអណ្តូងជាង ១ឆ្នាំមកហើយ ចំណែកកូនៗរបស់គាត់២នាក់ទៀតមានប្តីប្រពន្ធរៀងខ្លួននិងបានមករស់ នៅភូមិអូរអណ្តូងជាយូរណាស់មកហើយដែរ។
លោកយាយរៀបរាប់ថា កូនប្រុសពៅរបស់គាត់តែងតែឈឺក្បាលប្រកាច់តាំងពីអាយុ១៧ឆ្នាំមក ម៉្លេះ ដោយពេលនោះនៅឯខេត្តបាត់ដំបង រូបគាត់ និងប្តីបានខិតខំរកគ្រូបុរាណខ្មែរ និងគ្រូពេទ្យព្យាបាលរហូតដល់អស់ទ្រព្យសម្បត្តិដែលមាន តែទោះជាខំប្រឹងយ៉ាងណា ក៏ដាក់ថ្នាំទៅមិនត្រូវទាល់តែសោះ រហូតទាល់តែប្តីរបស់គាត់ស្លាប់ចោលបាត់ទៅទៀត ។ ក្រោយមកកូនៗបងទាំង២នាក់បាននាំប្តីប្រពន្ធមករស់នៅឯខេត្តប៉ៃលិន ទុកឲ្យពួកគាត់និងកូនពៅដែលមានជំងឺប្រកាច់ម្នាក់នេះរស់នៅឯស្រុក ហើយពេលឈឺម្តងៗកូនប្រុសគាត់តែងតែស្រែកថ្ងូរយ៉ាងខ្លាំងធ្វើឲ្យ អ្នកជិតខាងផ្អើលរត់មកមើល តែដល់យូរៗទៅគេដឹងពីអាការជំងឺ ទើបក្លាយជារឿងធម្មតា។ ដោយសារជីវភាពក្រីក្រគ្មានអ្វីព្យាបាលកូនប្រុសម្នាក់នេះ ទើបរូបគាត់ដាច់ចិត្តចាកចេញពីស្រុកមករស់នៅក្បែរកូនប្រុសស្រីទាំ ង២នាក់ ដោយសុំដីអ្នកភូមិអូរអណ្តូងសង់កូនផ្ទះមួយស្នាក់នៅជាមួយនឹងកូន ប្រុសពៅដែលស្លាប់នេះ។
លោកយាយបានរៀបរាប់ទាំងស្រក់ទឹក ភ្នែកថា នៅថ្ងៃកើតហេតុកូនប្រុសពៅរបស់គាត់ដេកនៅក្នុងផ្ទះស្រែកថ្ងូររកអ្នក ជិតខាងឲ្យជួយនិងស្រែកឲ្យគាត់ជួយដោយប្រាប់ថា រូបគេក្តៅអន្ទះអន្ទែងក្នុងខ្លួនខ្លាំងណាស់សុំធ្វើអ្វីឲ្យត្រជាក់ ខ្លួនរបស់គេបន្តិចនោះនឹងបានធូរស្បើយហើយ ។ ពេលនោះគ្មាននរណាអាចជួយអ្វីកូនគាត់បានទេ គឺមានតែដងទឹកយកមកឲ្យកូនគាត់មួយធុង ឯកូនប្រុសគាត់ដែលកំពុងតែដេកស្រែកនៅក្នុងផ្ទះបានងើបឡើងយកទឹកចាក់ ស្រោចពេញខ្លួនរួចក៏ប្រះខ្លួនដេក ស្រាប់តែមួយសន្ទុះក្រោយមកក៏ប្រកាច់ដកចង្កាមាន់ស្លាប់ទៅ ។
ក្រោយពេលកូនស្លាប់ ហើយរូបគាត់ក្រីក្រគ្មានអ្វីសោះក៏ដាច់ចិត្តអង្វរអ្នកជិត ខាងជួយរៃអង្គាសគ្នាបានតិចតួចទៅនិមន្តព្រះសង្ឃមកសូត្រធម៌ធ្វើ បុណ្យបញ្ជូនវិញ្ញាណក្ខន្ធកូនរបស់គាត់ទៅកាន់សុគតិភព។ ជាមួយនេះ អ្នកជិតខាងក៏បានសែងសពកូនគាត់យកទៅបូជានៅខាងកើតផ្ទះចម្ងាយ ប្រហែលជា១០០ម៉ែត្រ ។ ទាក់ទិននឹងការផ្អើលថាខ្មោចកូនគាត់លងអ្នកភូមិនេះ គាត់មិនបានដឹងថា ខ្មោចកូនប្រុសគាត់កាចដល់ថ្នាក់នេះសោះ សូម្បីតែរូបគាត់ក៏នៅក្នុងផ្ទះនេះលែងបានទៀតដែរ ដោយមួយយប់ៗតែងតែមានសំឡេងគោះជញ្ជាំង រើចានរើឆ្នាំង ស្រែកយំ បង្កើតសំឡេងពុះអុស ដែលកូនរបស់គាត់ធ្លាប់ធ្វើកាលពីនៅរស់។ ឥឡូវនេះរូបគាត់បានឲ្យគេរុះរើជញ្ជាំងចេញហើយ ដោយទុកតែតួផ្ទះប៉ុណ្ណោះ ព្រោះដើម្បីឲ្យស្រឡះមិនសូវខ្លាចដូចកាលពីមានជញ្ជាំង ។
ចំណែកកុមារា ចេង ភារម្យ អាយុ១៣ឆ្នាំរៀបរាប់ថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៩ មិថុនា ខណៈរូបគេដើរពីវាលស្រែមកជិតដល់ផ្ទះ ស្រាប់តែឃើញក្បាលបុរសដែលស្លាប់កាលពីថ្ងៃមុន តែបាត់ដងខ្លួនមិនឃើញ កំពុងតែដេកនៅលើផ្ទះរបស់គាត់ លុះពេលរូបគេដើរមកជិតដល់ក៏បាត់ស្រមោលទៅ ។ ពេលខ្លះរូបគេខ្លាចខ្លាំងណាស់ ដេកជាមួយម្តាយឪពុកពេលយប់ឡើង ក៏ឮសូរសំឡេងស្រែកថ្ងូរ និងយំនៅឯកន្លែងដែលគេបូជាសពរបស់គាត់ ជួន កាលទៀតឮសូររើចានឆ្នាំង និងសំឡេងពុះអុសនៅក្បែរផ្ទះខ្លាំងៗ ហើយគ្រួសាររបស់គេបានឮទាំងអស់គ្នា ។
រីឯស្រ្តីឈ្មោះគង់ ទី អាយុ៤៧ឆ្នាំ ត្រូវជាបងបុរសដែលស្លាប់និយាយថា ចាប់តាំងពីប្អូនប្រុសគាត់ស្លាប់ទៅរូបគាត់ដែលនៅផ្ទះក្បែរគ្នាដេក នៅមិនបានទេ គឺឲ្យតែយប់ឡើងមកគោះជញ្ជាំង ដើរស្រែក និងធ្វើសំឡេងផ្សេងៗទៀតធ្វើឲ្យពួកគាត់ព្រឺក្បាលលែងហ៊ាននៅទៀត ។ រៀងរាល់យប់ពួកគាត់ទៅសុំផ្ទះអ្នកផ្សេង ដែលនៅឆ្ងាយពីទីនេះស្នាក់នៅ លុះពេលថ្ងៃទើបត្រឡប់មកវិញដើម្បីដាំបាយទឹកហូប។ ចំណែកពេលថ្ងៃគាត់ក៏មិនហ៊ាននៅក្នុងផ្ទះម្នាក់ឯងដែរ ។
អ្នកជិតខាងម្នាក់ឈ្មោះលាប ច្រិប អាយុ៣១ឆ្នាំនិយាយថា គាត់ព្រឺក្បាលខ្លាំងណាស់ព្រោះឲ្យតែដល់ពេលយប់តែងឮសំឡេងបុរសដែល ស្លាប់នេះថ្ងូរ និងស្រែកដូចកាលនៅរស់ ហើយពេលខ្លះឆ្កែរបស់គាត់បានលូនិងព្រុសបណ្តើរដេញបណ្តើរ ។ មានយប់ខ្លះឮសូរពុះអុសពេញមួយយប់នៅផ្ទះរបស់គេដូចកាលដែលគេនៅរស់ និងពេលខ្លះទៀតឮសំឡេងមនុស្សនិយាយនៅក្នុងផ្ទះរបស់គេ ហើយពេលប្តីរបស់គាត់មើលទៅមិនឃើញមានអ្វីទាល់តែសោះឃើញតែផ្ទះទទេ ព្រោះជញ្ជាំងបានរើចេញអស់ហើយ។ ស្រ្តីរូបនេះបានបន្តទៀតថា បើសិនជាខ្មោចបុរសនេះនៅតែលងដូច្នេះ ពួកគាត់ប្រាកដជានៅមិនបានសេចក្តីសុខទេ ម្នាក់ៗគេលែងដេកនៅផ្ទះក្បែរៗនោះអស់ហើយ រត់ទៅសុំផ្ទះអ្នកដទៃទៀតស្នាក់នៅឆ្ងាយពីផ្ទះនេះ ។
លោកគង់ សុខុម អាយុ៣៤ឆ្នាំ ត្រូវជាបងប្រុសរបស់បុរសដែលស្លាប់និយាយថា ផ្ទះរបស់គាត់ដែលនៅក្បែរគ្នានេះក៏ធ្លាប់ឃើញខ្មោចប្អូនប្រុស បង្ហាញខ្លួនដែរ គឺឃើញពេលយប់ស្ទុងៗ ពេលបញ្ចាំងភ្លើងមើលក៏បាត់ តែពេលបិទវិញក៏ឃើញទៀត ។ ពេលយប់ខ្លះតាំងពីពេលប្អូនស្លាប់ទៅ គឺមានសំឡេងរើចានឆ្នាំង និងដើរស្រែកដូចសកម្មភាពដែលគេនៅរស់ដែរ ជាពិសេសនោះធ្វើឲ្យកូនតូចរបស់គាត់ដែលមានអាយុទើបតែ៣ឆ្នាំ ខ្លាចយំរាល់យប់មិនឈប់។ លោកបានបន្តទៀតថា ថ្ងៃក្រោយបើសិននៅតែលងមិនឈប់ ធ្វើឲ្យអ្នកភូមិខ្លាចគ្រប់គ្នារូបគាត់នឹងទៅរកអាចារ្យមកសូត្រ ធម៌បណ្តេញចេញហើយទើបបាន ។
ប្រភពខ្លះសង្ស័យថា ការដែលខ្មោចកាចដល់ថ្នាក់នេះប្រហែលជាអាចារ្យ ឬអ្នកព្លុកបូជាសពមិនបានល្អបានជាខ្មោចនេះលង ចាប់តាំងពីយប់ថ្ងៃទី៣០ មិថុនា រហូតដល់ថ្ងៃទី៣ កក្កដា ២០១២ក៏នៅតែបន្តលងរាល់យប់ឥតឈប់។ ទោះជាយ៉ាងណា ហេតុការណ៍នេះ មិនទាន់មានការវិនិច្ឆ័យបែបណាទេ ព្រោះជារឿងមិនគួរឱ្យជឿ ប៉ុន្តែអ្នកភូមិបានអះអាងគ្រប់គ្នា ។ យ៉ាងណាក៏ដោយ អាជ្ញាធរគប្បីធ្វើសកម្មភាពអ្វីមួយហើយដើម្បីកុំឱ្យបញ្ហានេះ រាលដាលរហូតអ្នកភូមិខ្លាចលែងហ៊ានរស់នៅ ៕
ស្រង់ចេញពីwww.kohsantepheapdaily.com