រាល់ថ្ងៃនាងខ្ញុំតែងតែទៅអានសៀចភៅក្នងបណ្ណាល័យក្នុងសាលារាល់ពេលម៉ោងទំនេរ។ បណ្ណាល័យនោះ មានសៀវភៅជាច្រើន ហើយសៀវភៅខ្លះមានអាយុកាលបងខ្ញុំទៅទៀត ព្រោះបណ្ណាល័យនោះ ជាបណ្ណាល័យដែលសេសសល់ពីសង្គមចាស់។
ថ្ងៃនេះក្នុងបណ្ណាល័យហាក់ដូចជាស្ងាត់ណាស់ មិនមានមនុស្សមកមើលច្រើនដូចជារាល់ថ្ងៃសោះ តែក៏ល្អ ព្រោះខ្ញុំអាចប្រមូលអារម្មណ៍អានសៀវភៅយ៉ាងស្ងប់ស្ងាត់ ។ ខ្ញុំដើររកមើលសៀវភៅនៅ ក្នុងទូដែលដាក់សៀវភៅចាស់ៗ។ នៅពេលនោះស្រាប់តែមានសៀវភៅមួយក្បាល់ធ្លាក់ទៅដី ដោយខ្លួនឯង ខ្ញុំក៏ឱនរើសវាយកមកមើល វាមានសភាពចាស់ពុកផុយស្ទើរតែរលេះដាច់ចេញ ពីគ្នាទៅហើយ។ សៀវភៅនោះមានចំណងជើងថា សៀវភៅងងឹត ជាអក្សរសរសេរដៃ។
យី! វាជាប្រលោមលោកឬ? ខ្ញុំក៏បើកមួយទំព័រមើល ឃើញជាអក្សរសរសេរដៃទាំងអស់ វាប្រហែល ជាសៀវភៅចំលងបន្តហើយមើលទៅ។ ពិតជាចំលែកណាស់ តើអ្នកណាទៅ ចំលងរឿងប្រលោម លោកមកដាក់នៅទីនេះ ធម្មតាសៀវភៅប្រភេទនេះនៅក្នុងបណ្ណាល័យ មិនដែលឃើញមាន ឡើយ។
ខ្ញុំគ្រាន់តែមើលឃើញថាជាអក្សរសរសេរដៃ តែមិនបានអាននៅឡើយទេ ខ្ញុំក៏យកសៀវភៅនោះទៅ ទុកក្នុងទូវិញ ហើយក៏រើយកសៀវភៅផ្សេងមកអាន។អានសៀវភៅចំពេលដែលមានភាពស្ងប់ស្ងាត់ ល្អគួរតែអានដោយចិត្តស្ងប់ តែខ្ញុំបែរជាមានអារម្មណ៍មិនស្ងប់ទៅវិញ ខ្ញុំមានអារម្មណ៍បែបនេះដោយ មិនដឹងមូលហេតុ។
មកដល់ផ្ទះហើយខ្ញុំនៅតែមានអារម្មណ៍មិនល្អដដែល អ៊ូយ មានអារម្មណ៍ថាធុញថប់ណាស់ ហេតុអ្វី បានជានៅសុខៗខ្ញុំមានអារម្មណ៍បែបនេះ?
ពេលងូតទឹករួចហើយ ខ្ញុំដើរទៅយកសៀវភៅមេរៀនមកអាន ក៏ប្រទះឃើញសៀវភៅចាស់សំណេរ ដៃដែលខ្ញុំឃើញនៅក្នុងបណ្ណាល័យនោះ មកនៅលើតុរបស់ខ្ញុំទៅវិញ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងហើយភ័យខ្លាចទៀតផង ហេតុអីនៅសុខៗស្រាប់តែសៀវភៅនោះមកនៅលើតុរបស់ខ្ញុំដោយ ឯងៗបែបនេះ? ខ្ញុំភ័យណាស់ ក៏ប្រញាប់រត់ចេញទៅក្រៅហើយនិយាយប្រាប់ម៉ាក់ខ្ញុំ។
ម៉ាក់បាននិយាយលួងខ្ញុំកុំឱ្យភ័យខ្លាច ខ្ញុំមានភាពកក់ក្តៅនៅពេលបានមកនៅជិតម៉ាក់ អារម្មណ៍ ភ័យខ្លាចក៏បានកាត់បន្ថយ។ ខ្ញុំមិនហ៊ានទៅក្នុងបន្ទប់របស់ខ្ញុំវិញឡើយ យប់នេះខ្ញុំនៅគេងជា មួយម៉ាក់ គឺខ្ញុំខ្លាចសៀវភៅនោះណាស់ ។
ព្រឹកឡើងទៅសាលា ខ្ញុំមិនហ៊ានចូលមើលសៀវភៅនៅក្នុងបណ្ណាល័យឡើយ ព្រោះភាពភ័យខ្លាច បានដក់ជាប់ក្នុងចិត្តរបស់ខ្ញុំដោយសារតែបណ្ណាល័យនោះ សូម្បីតែដើរកាត់ខ្ញុំមិនហ៊ានទាំងដើរកាត់ ផង ។ ម៉ាក់ខ្ញុំបានហាមថា មិនឱ្យនិយាយរឿងនេះប្រាប់អ្នកណាទេ ខ្ញុំក៏លាក់បាំងរឿងនេះ មិនឱ្យអ្នកណាដឹងឡើយ។
មានមិត្តជាច្រើនដែលធ្លាប់ទៅអានសៀវភៅជាមួយគ្នាបានសួរនាំខ្ញុំថា ហេតុអីបានជាមិនឃើញទៅ អានសៀវភៅ ខ្ញុំឆ្លើយថា អារម្មណ៍មិនល្អ។ ខ្ញុំចង់ប្រាប់ពួកគេណាស់ ថាក្នុងបណ្ណាល័យនោះ មាន ខ្មោច ប៉ុន្តែខ្ញុំមិនហ៊ានល្មើសបញ្ជារបស់ម៉ាក់ឡើយ ។
ខានអានសៀវភៅបែបនេះខ្ញុំដូចជាអផ្សុកណាស់ គឺមានតែអង្គុយបណ្តែតអារម្មណ៍នៅក្រោមដើម ឈើតែប៉ុណ្ណោះ។ នៅពេលគិតរឿងសៀវភៅ ខ្ញុំកាន់តែឆ្ងល់ ហេតុអីបានជាខ្មោចយកសៀវភៅនោះ ទៅទុកដល់បន្ទប់ខ្ញុំ? តើគេចង់ឱ្យខ្ញុំអានមែនទេ? ទេ សៀវភៅនោះគួរឱ្យខ្លាចណាស់ ខ្ញុំមិនហ៊ាន បើកវាអាននោះទេ។
ខ្ញុំគេងជាមួយម៉ាក់ខ្ញុំជាច្រើនយប់ ថ្ងៃមួយម៉ាក់បានប្រាប់ថា តើកូនសុខចិត្តរត់មកគេងជាមួយ ម៉ាក់ចោលបន្ទប់ខ្លួនរហូតឬ? តាមពិតខ្ញុំក៏គិតឃើញចឹងដែរ គឺយើងមិនត្រូវគេចវេះអំពីបញ្ហាឡើយ គឺខ្ញុំត្រូវតែធ្វើអ្វីមួយ ដើម្បីឱ្យអស់ភាពភ័យខ្លាច ហើយហ៊ានចូលគេងក្នុងបន្ទប់ដូចធម្មតាវិញ។
យប់នេះខ្ញុំនឹងជម្នះចិត្តខ្លួនឯងឱ្យបាន គឺខ្ញុំត្រូវតែចូលគេងនៅក្នុងបន្ទប់វិញ តើនឹងមានរឿងអ្វីកើត ឡើង? ខ្ញុំត្រូវតែប្រឈមជាមួយបញ្ហានោះ ហើយខ្ញុំក៏ចង់ដឹងដែរ ហេតុបានជាគេចង់ឱ្យខ្ញុំអានសៀវ ភៅនោះ តើក្នុងសៀវភៅនោះនិយាយអំពីអ្វី? ។
បែកពីបន្ទប់បួនប្រាំយប់ ខ្ញុំក៏អាល័យបន្ទប់ណាស់ដែរ នៅពេលដែលតាំងចិត្តឱ្យក្លាហានបែបនេះ ភាពភ័យខ្លាចមិនសូវខ្លាំងដូចមុនឡើយ គឺខ្លាចតិចៗ ហើយខ្ញុំបែរជាចង់ដឹង ចង់អានសៀវភៅនោះ ទៅវិញ។
ខ្ញុំអង្គុយនៅចំពោះមុខសៀវភៅនោះ តើខ្ញុំគួរតែបើកអានវាឬអត់? ខ្ញុំលូកដៃចាប់យកសៀវភៅនោះ ទាំងចង្វាក់បេះដូងលោតយ៉ាងញាប់ ដៃរបស់ខ្ញុំញ័រញាក់ ។ ហៀបតែនឹងបើកអានស្រាប់តែឮម៉ាក់ ស្រែកពីក្រោយថា កុំអានវា! ខ្ញុំក៏ទម្លាក់សៀវភៅទុកវិញ ។ មើលទៅម៉ាក់ដូចជាមានទឹកមុខភ័យស្លេក ស្លាំង ខ្ញុំក៏សួរទៅគាត់ថា ហេតុអ្វីបានជាហាមឃាត់ខ្ញុំ គាត់ប្រាប់ថា ខ្លាចមានបញ្ហា ព្រោះវាមិនមែន ជាសៀវភៅធម្មតាឡើយ ហើយគាត់ប្រាប់ឱ្យខ្ញុំយកសៀវភៅនេះទៅទុកនៅកន្លែងដើមវិញនៅព្រឹក ស្អែកនេះ។
យប់មិញគ្មានបញ្ហាអ្វីកើតឡើងចំពោះខ្ញុំឡើយ ហើយព្រឹកនេះខ្ញុំបានយកសៀវភៅមកទុកក្នុង បណ្ណាល័យវិញតាមបញ្ជារបស់ម៉ាក់។
នៅពេលដែលចូលមកដល់ក្នុងបណ្ណាល័យ មានមិត្តខ្ញុំម្នាក់សួរថា ថ្ងៃនេះទើបតែឃើញខ្ញុំអើតមុខមក ខ្ញុំក៏ប្រាប់ទៅគេវិញថា គឺខ្ញុំយកសៀវភៅមកទុក។ នៅពេលដែលខ្ញុំដើរយកសៀវភៅទៅទុកខ្ញុំ មានអារម្មណ៍ថាមិត្តម្នាក់នោះ បានសម្លឹងមើលមកខ្ញុំ ។ នៅពេលចេញទៅវិញគេក៏សួរខ្ញុំថា តើសៀវភៅដែល ឯងយកទៅទុកអម្បែងមិញជាសៀវភៅអ្វី? ខ្ញុំក៏កុហកប្រាប់គេថា ជាសៀវភៅសិក្សាធម្មតាទេ តែមើល ទៅគេដូចជាមិនអស់ចិត្តនឹងចម្លើយរបស់ខ្ញុំសោះ ភ្នែកគេដៀងមើលទៅកន្លែងដែលខ្ញុំទុកសៀវភៅនោះ។
នៅពេលដែលដល់ម៉ោងរៀន ខ្ញុំមិនឃើញមិត្តម្នាក់នោះមកសោះ យី! អម្បែងមិញឃើញនាងនៅក្នុង បណ្ណាល័យជាមួយខ្ញុំទេតើ? ហេតុអីបានជាពេលនេះមិនឃើញនាងចូលមករៀន? តើគេនៅសំងំមើល សៀវភៅអ្វីបានជាជក់ដល់ថ្នាក់គេចម៉ោងរៀន? ទេ មិនកើតទេ តិចលគេអានសៀវភៅនោះទៅ? ខ្ញុំត្រូវតែទៅមើលនាងនៅពេលនេះ។ ខ្ញុំក៏សុំគ្រូចេញទៅក្រៅកុហកថាមានការសំខាន់។ ខ្ញុំព្រួយបារម្ភណាស់ ខ្ញុំខ្លាច នាងមានបញ្ហាដោយសារសៀវភៅនោះ។
ទៅដល់ក្នុងបណ្ណាល័យខ្ញុំដើររកនាងគ្រប់ច្រកល្ហក តែមិនឃើញនាងឡើយ គឺឃើញតែសៀវភៅ ចម្លែកនោះនៅលើតុ គឺមានអ្នកយកមកអាន ហើយមិនបានយកទៅទុកកន្លែងដើមវិញទេ។ ខ្ញុំហ៊ានថា អ្នកដែលអាននោះ គឺជាមិត្តរបស់ខ្ញុំ ពិតជានាងហើយ មិនកើតទេ ខ្ញុំត្រូវតែតាមរកនាងឱ្យឃើញ ។
ខ្ញុំបានយករឿងនេះប្រាប់គ្រូ ហើយគ្រូក៏បញ្ជាឱ្យសិស្សជាច្រើនជួយតាមរកនាង អ្នកខ្លះទៅរក នាងដល់ផ្ទះ គឺពួកយើងបានចែកផ្លូវគ្នារក។
នៅពេលសិស្សទៅរកនាងដល់ផ្ទះនោះ ទៅដល់ហើយរកនាងមិនឃើញ ក៏បង្កជាភាព ផ្អើលឆោឡោឡើង ធ្វើឱ្យឪពុកម្តាយរបស់មិត្តដែលបាត់ខ្លួននោះភ័យស្លន់ស្លោ។ ខ្ញុំជឿជាក់ថា ការ បាត់ខ្លួននេះច្បាស់ជាមានជាប់ទាក់ទងជាមួយសៀវភៅនោះមិនខាន។
តើនាងទៅណាបាត់ទៅហ្ន៎ ?ហ៊ឺ...! មិននឹកស្មានថា នៅលើលោកនេះមានរឿងចម្លែកបែបនេះសោះ។ បើខ្ញុំនិយាយថាការបាត់ខ្លួននេះមានជាប់ទាក់ទងនឹងសៀវភៅនោះ ប្រហែលជាគ្មានអ្នកជឿទេមើលទៅ ។ សំណាងហើយដែលខ្ញុំមិនបានអានវានោះ តើក្នុងសៀវភៅនោះគេសរសេរអំពីអ្វីទៅ បានជាវាមានឥទ្ធិពលបែបនេះ?
មានសិស្សម្នាក់បានមកប្រាប់គ្រូថា គេឃើញសាកសពនាងចងកសម្លាប់ខ្លួន នៅលើដើមឈើមួយដើម ពុទ្ធោ! នាងសម្លាប់ខ្លួន ឮដំណឹង ធ្វើឱ្យខ្ញុំតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំង។
គឺនាងបានចងកសម្លាប់ខ្លួននៅក្រោមដើមអំពីលក្បែររបងក្រោយសាលា ។ ឱព្រះអើយ! គួរឱ្យសង្វេគណាស់ មើលចុះ មិនគួរណានាងស្លាប់ទាំងក្មេងខ្ចីបែបនេះសោះ។ ទេ! ខ្ញុំត្រូវតែបំផ្លាញ សៀវភៅនោះចោល ខ្ញុំមិនទុកវាឱ្យនៅ នាំតែបង្កគ្រោះថ្នាក់ដល់អ្នកណាទៀតឡើយ។
ខ្ញុំក៏ប្រញាប់ទៅបណ្ណាល័យជាបន្ទាន់ មកពីសៀវភៅនោះហើយទើបបានជាមិត្តរបស់ខ្ញុំស្លាប់ ខ្ញុំមិនទុកវាឱ្យអ្នកណាម្នាក់ស្លាប់ដោយសារវាទៀតឡើយ។
ទៅដល់ឃើញមិត្តម្នាក់កំពុងតែកាន់សៀវភៅនោះរៀបនឹងអាន ខ្ញុំក៏ស្រែកប្រាប់គេទាំងភ័យបុក ពោះថា កុំអាន! ទម្លាក់វាចោលទៅ! ។ មិត្តម្នាក់នោះធ្វើភ្នែកស្លឺដាក់ខ្ញុំដោយភាពងឿយឆ្ងល់ នាងសួរមកខ្ញុំវិញថា ហេតុអីខ្ញុំអានវាមិនបាន? ហេតុអ្វីបានជាឯងធ្វើដូចជាស្លន់ស្លោម្លេះ? ខ្ញុំប្រាប់នាងថា វាជាសៀវភៅពិឃាត មានមិត្តម្នាក់បានស្លាប់ដោយសារអានវា។ គេសើចរបៀបហួសចិត្តហើយ តបថា វាមិនអាចនោះទេ គ្រាន់តែសៀវភៅប៉ុណ្ណោះ វាមិនដូចនៅក្នុងរឿងព្រេងនិទានឯណា។
ខ្ញុំពិតជាបារម្ភនិងភិតភ័យជំនួសគេខ្លាំងណាស់ ខ្ញុំរត់ចូលដើម្បីទៅឆក់សៀវភៅពីគេ គេក៏គេច
មិនឱ្យខ្ញុំដណ្តើមយកពីគេបានឡើយ ហើយសម្តែងនូវទឹកមុខក្រោធខឹងដាក់ខ្ញុំទៀតផង ខ្ញុំអង្វរនាង
សូមឱ្យនាងកុំអានវា តែនាងបែរជាតបមកខ្ញុំវិញថា ខ្ញុំជាមនុស្សឆ្គួតទៅវិញ ខ្ញុំមិនអន់ចិត្តទេ ព្រោះ
នាងមិនជឿ ហើយខ្ញុំនៅតែព្យាយាមហាមឃាត់នាងជានិច្ច។
នាងកាន់សៀវភៅដើរចេញទៅក្រៅ ខ្ញុំដើរតាមនិយាយពន្យល់ប្រាប់នាងនៅតាមផ្លូវរហូត ទោះបីជា នាងសម្តែងនូវឫកពាធុញទ្រាន់ដាក់ខ្ញុំក៏ដោយ ។ ដោយសារតែជ្រេញនឹងខ្ញុំខ្លាំងពេកនាងក៏ឈប់ ស្តីថាឱ្យខ្ញុំខ្លាំងៗថា ឯងនេះរំខានណាស់ ឯដឹងកមពីណា ថាសៀវៅភនេះជាសៀវភៅពិឃាត? ឯងឆ្គួនហើយមែនទេ? ។
នៅពេលនោះមានលោកគ្រូម្នាក់បានដើរកាត់ ឮនាងស្តីថាឱ្យខ្ញុំគាត់ក៏សួរថា តើមានរឿងអ្វី ? ខ្ញុំក៏ប្រាប់គាត់ថា គឺខ្ញុំមិនចង់ឱ្យនាងអានសៀវភៅនោះទេ ព្រោះសៀវភៅនោះជាសៀវភៅពិឃាត់។
លោកគ្រូម្នាក់នោះបាននិយាយទាំងអស់សំណើចបន្តិចអីបន្តិចថា មិនអាចទៅរួចទេ នេះប្អូន បានអានរឿងខ្មោចច្រើនពេកហើយមែនទេ? ប្អូនគួរតែរៀនវិភាគខ្លះទៅ កុំចេះតែជឿរឿងផ្តេសផ្តាស
មិនល្អទេ។ ហើយគាត់ក៏សុំសៀវភៅនោះយកមកមើល រួចហើយក៏យកសៀវភៅនោះទៅបាត់ទៅ។
ខ្ញុំមិនដឹងជាហាមឃាត់គាត់យ៉ាងម៉េច មានតែបណ្តោយឱ្យតាមដំណើរប៉ុណ្ណោះ ព្រោះតែគាត់បាន ប្រដៅខ្ញុំរួចទៅហើយ ហ៊ឺ...! សង្ឃឹមថាគាត់នឹងមិនមានបញ្ហាអ្វីទៅចុះ ។
យប់នេះខ្ញុំគេងមិនលក់សោះ ព្រោះតែគិតបារម្ភអំពីលោកគ្រូម្នាក់នោះ តើគាត់បើកអានវាហើយឬ? បើខ្ញុំមិនដឹងប្រហែលជាមិនខ្វល់ដូចពេលនេះទេ ។
ព្រឹកឡើងនៅពេលទៅដល់សាលា ខ្ញុំក៏ទៅរកមើលលោកគ្រូដែលបានយកសៀវភៅនោះទៅ តែមិន ឃើញគាត់សោះ ។ ខ្ញុំសួរលោកគ្រូអ្នកគ្រូដែលស្និទ្ធស្នាលជាមួយគាត់ ពួកគាត់បានប្រាប់ថា លោកគ្រូម្នាក់នោះកម្រមកសាលាយឺតយ៉ាវណាស់។ ឮពួកគាត់និយាយប្រាប់បែបនេះរឹតតែធ្វើឱ្យខ្ញុំ ព្រួយបារម្ភ ខ្ញុំក៏យករឿងសៀវភៅនោះប្រាប់ដល់លោកគ្រូអ្នកគ្រូដែលស្និទ្ធជាមួយគាត់នោះ តែពួកគាត់បែរជាអស់សំណើច ហើយបានទូន្មានប្រៀនប្រដៅខ្ញុំកុំឱ្យជឿរឿងផ្តេសផ្តាសទៅវិញ។ រឿងដែលធ្វើឱ្យខ្ញុំកើតក្តីអាម៉ាសចំពោះមុខអ្នកគ្រូលោកគ្រូទាំនោះបំផុតនោះ គឺលោកគ្រូដែលយក សៀវភៅទៅនោះបានមកដល់ លោកគ្រូអ្នកគ្រូទាំងនោះក៏បានសួរនាំគាត់អំពីរឿងអានសៀវភៅ ពិឃាតរបៀបដូចជាការលេងសើចបង្អាប់គ្នាលេង។ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំចង់យំ តែខ្ញុំមិនយំនៅ ចំពោះមុខពួកគាត់ឱ្យពួកគាត់ដឹងនោះទេ ខ្ញុំនឹងទៅពួនយំឱ្យឆ្ងាយ។
ខ្ញុំមកយំតែម្នាក់ឯងនៅក្រោយសាលា នៅទីនោះស្ងាត់ណាស់ ។ គិតៗទៅខ្ញុំកំពុងតែឆ្គួតឡប់តែ ម្នាក់ឯងដូចដែលគេថាមែនហើយ ព្រោះនិយាយអ្វីក៏គ្មានអ្នកជឿដែរ ខ្ញុំតឹងទ្រូងណាស់ ព្រោះចង់ឱ្យ គ្រប់គ្នាដឹងដូចអ្វីដែលខ្ញុំបានដឹង។ ខ្ញុំមិនចង់ឱ្យមានអ្នកស្លាប់ទៀតទេ ឬមួយក៏ខ្ញុំត្រូវធ្វើ លែងដឹងលែងឮ? ទេ ខ្ញុំត្រូវតែបញ្ជាក់ឱ្យពួកគេដឹងឱ្យទាល់បាន ។
ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានជាចូលមកដល់ក្នុងថ្នាក់ម្នាក់ៗ សម្លឹងមើលមកខ្ញុំហើយនិយាខ្សឹបគ្នា? យីគេនិយាយអាក្រក់ពីខ្ញុំទេដឹង ? នៅពេលនោះលោកនាយកសាលាបានចូលមកដល់ក្នុងថ្នាក់ នេះជាសញ្ញាឱ្យដឹងថា ច្បាស់ជាមានរឿងជាមិនខាន។
លោកគ្រូនាយកបានហៅឈ្មាះខ្ញុំ ខ្ញុំក៏ចេញទៅជួបគាត់ គាត់ក៏បាននិយាយស្តីបន្ទោសឱ្យខ្ញុំថា ថ្ងៃក្រោយឈប់បង្កើតភាពឆោឡោក្នុងសាលាទៀតដឹងទេ ឯងដឹងទេឥឡូវនេះពួកសិស្សទាំងអស់ លែងហ៊ានចូលទៅអានសៀវភៅក្នុងបណ្ណាល័យទៀតហើយ ព្រោះតែល្បីថា មានសៀវភៅពិឃាត នៅក្នុងនោះ គឺព្រោះតែនាងហើយ ទើបពួកគេខ្លាចបែបនេះ។
ខ្ញុំបានត្រឹមតែទម្លាក់មុខចុះ ស្តាប់លោកនាយកសាលាស្តីបន្ទោសទាំងស្ពឹកមុខ។ ខ្ញុំហារមាត់និយាយ អ្វីមិនចេញឡើយ មានអារម្មណ៍ថាអួលណែនក្នុងដើមទ្រូងខ្លាំងណាស់។
ខ្ញុំបានទៅសុំសៀវភៅនោះពីលោកគ្រូម្នាក់នោះវិញ គាត់មិនឱ្យទេគាត់ប្រាប់ថា គាត់អានវាចប់ទើប ប្រគល់វាមកឱ្យខ្ញុំវិញ ខ្ញុំបានហាមគាត់កុំអោយអាន វា គាត់ប្រាប់ថា មិនជឿថាអានទៅធ្វើឱ្យគាត់ សា្លប់នោះទេ។ ខ្ញុំអង្វរគាត់ សុំសៀវភៅនោះពីគាត់ តែគាត់មិនព្រមឱ្យវាមកខ្ញុំឡើយ ។
ក្រោយមកក៏មានដំណឹងមកថា លោកគ្រូម្នាក់នោះបានជិះឡានចូលក្នុងទន្លេសម្លាប់ខ្លួន ឮតំណឹង នេះខ្ញុំតក់ស្លុតណាស់ គឺមកពីសៀវភៅនោះទៀតហើយ។ លើកនេះមានមិត្តជាច្រើនចាប់ផ្តើមជឿ តាមខ្ញុំ ជាពិសេសមិត្តម្នាក់ដែលបានស្តីបន្ទោសឱ្យខ្ញុំកាលពីលើកមុន ប៉ុន្តែពួកលោកគ្រូអ្នកគ្រ នៅមិនទាន់ជឿនៅឡើយ ហើយថែមទាំងបានបំបិទមិនឱ្យលេចឮពាក្យថាសៀវភៅពិឃាតទៀត ផង។
លោកគ្រូនាយកបានហៅសិស្សទាំងអស់ទៅប្រជុំ មិនឱ្យសិស្សទាំងអស់និយាយអណពីសៀវភៅ
នោះទៀតទេ ។ គាត់គុះរាមថា បើអ្នកណាហ៊ាននិយាយអំពីរឿងនេះ បើគាត់ដឹងគាត់នឹងដេញចេញ ពីសាលាភ្លាម។
ពួកយើងមិនខ្លាចត្រូវបណ្តេញចេញពីសាលានោះទេ ពួកយើងបានប្តេជ្ញាគ្នាថា នឹងធ្វើយ៉ាងណា បញ្ជាក់ឱ្យពួគគាត់ជឿលើរឿងនោះឱ្យបាន។
ពេលនេះសៀវភៅនោះបានធ្លាក់ទៅលើលោកនាយកសាលា គឺគាត់បានទៅយកសៀវភៅនោះពី ផ្ទះលោកគ្រូដែលសម្លាប់ខ្លួននោះ មករក្សាទុក ខ្ហាចពួកយើងយកទៅបង្ករឿង។ តែមិនដឹងថាគាត់ មានគំនិតផ្សេងពីហ្នឹងឬក៏យ៉ាងណានោះទេ។
មានមិត្តខ្លះសង្ស័យថា លោកនាយកនឹងយកសៀវភៅនោះមកអាន ខ្ញុំក៏ព្រួយបារម្ភអំពីលោកនា យកដែរ ខ្លាចគាត់អានទៅនឹងទៅសម្លាប់ខ្លួនដូចអ្នកមុនៗ។ ឯមតិរបស់មិត្តខ្លះទៀតបានថា គាត់បានយកសៀវភៅនោះទៅបំផ្លាញចោលបាត់ហើយ។
ពួកយើងបានឃើញលោកនាយកដើរចូលទៅក្នុងបណ្ណាលួយ ពួកយើងក៏តាមទៅលបមើល គឺឃើញលោកនាយកកាន់សៀវភៅនោះ។ យី! តើគាត់យកវាមកមើលឬ? ខ្ញុំមិនដឹងសោះថាគាត់ យកវាមកទុកក្នុងបណ្ណាល័យ គួរឱ្យស្តាយណាស់ដែលមិនបានដឹង បើដឹងនឹងយកសៀវភៅនោះ ទៅដុតចោលជាមិនខាន។
ហេតុអីបានជាលោកនាយកធ្វើដូចជាស្ទាក់ស្ទើរក្នុងការអាន? ឬមួយក៏គាត់ជឿតិចៗដែរ គាត់ប្រហែលជាចង់ដឹងហើយមើលទៅ ហាស់ គាត់បើមើលហើយ! ពួកយើងក៏សម្រុកចូល ហើយឆកក់យកសៀវភៅពីលោកនាយកដើម្បីកុំឱ្យគាត់អាន។
គាត់បានស្តីបន្ទោសឱ្យពួកយើងថា ពួកឯងទាំងអស់គ្នាចង់ឱ្យយើងបណ្តេញចេញមែនទេ? ពួកឯងនេះពិតជាពិបាកប្រដៅណាស់! ខ្ញុំក៏និយាយទៅកាន់គាត់ថា គឺពួគយើងខ្លាចលោកនាយក មើលសៀវភៅនេះហើយទៅសម្លាប់ខ្លួន គឺពួលយើងសំគាល់ឃើញថា មានមនុស្សពីរនាក់ហើយ ដែលទៅសម្លាប់ខ្លួនក្រោយពីអានវា។
មើលទៅគាត់ដូចជាជឿ តែគាត់មានះ ហើយបានទារសៀវភៅនោះពីពួកយើង នៅពេលនោះខ្ញុំក៏ បានយកសៀវភៅនោះមកហែក តែដៃរបស់ខ្ញុំស្រាប់តែរឹងកម្រើកមិនបាន ពួកគេទាំងអស់ឈរ សម្លឹងមើលមកខ្ញុំដោយងឿយឆ្ងល់ ព្រោះឃើញខ្ញុំ ធ្វើមុខដូចជាចង់យំ កម្រើកដៃ មិនបាន។ មានមិត្តម្នាកសួរខ្ញុំថាកើតអី ខ្ញុំបាននិយាយប្រាប់ពួកគេ ពួកគេក៏នាំគ្នាទាញសៀវភៅនោះ ពីដៃខ្ញុំ។
ខ្ញុំអាចកម្រើដៃវិញបានហើយ យី! អម្បែងមិញដូចជាមានអ្វីម្យ៉ាងចាប់ដៃខ្ញុំ។ នៅពេលនោះស្រាប់តែ មានខ្យល់បក់ចូលក្នុងបណ្ណាល័យយ៉ាងខ្លាំង ធ្វើឱ្យពួកយើងស្ទើរតែទប់ខ្លួនមិនជាប់។ សៀវភៅជាច្រើនបានហើរធ្លាក់រាយប៉ាយទៅដី។
យី! ខ្យល់អ្វីចម្លែកម្លេះ? មើលទៅលោកនាយកពេលនេះដូចជាភ័យខ្លាចណាស់ គាត់ក៏និយាយប្រាប់ ពួកយើងថា ពួកឯងឈប់ចង់បំផ្លាញសៀវភៅនោះទៅ ។ គាត់ជឿហើយមែនទេ គាត់ខ្លាចមានបញ្ហា នៅពេលដែលពួកយើងព្យាយាមបំផ្លាញសៀវភៅនោះ ប៉ុន្តែពួកយើងត្រូវតែបំផ្លាញវា។
យើងនឹងដុតវាចោល គាត់តែនិយាយចេញមកដូច្នេះ ស្រាប់តែសៀវភៅនោះរបូតចេញពីដៃមិត្តខ្ញុំ។ តើម្លាំងអ្វីបានជាបណ្តាលឱ្យសៀវភៅនោះធ្វើចលនាបាន? វាមានអ្វីម្យ៉ាងដែលចាប់ទាញជាមិនខាន វាគឺជាប្រលឹងខ្មោចទេដឹង? ពេលនេះយើងពិបាកនឹងបំផ្លាញសៀវភៅនោះចោលណាស់ ។
ខ្យល់កួច បានកួចចូលមកក្នុងបណ្ណាល័យ ហើយតម្រងមករកពួកយើង ធ្វើឱ្យពួកយើងនាំគ្នា រត់ចេញទៅក្រៅទាំងប្រលឹងចុងសក់គ្រប់គ្នា។ ពួកគេរត់ទៅមុនអស់ ឯខ្ញុំឆ្លៀតរើសសៀវភៅនោះ មកតាមផង ។
ខ្យល់កួចនោះបាត់ឈឹងហើយ ម្នាក់ៗនាំគ្នាអង្គុយហត់ដង្ហក់ បែកញើសជោគប្រាណគ្រប់គ្នា។ យី បាត់លោកនាយកទៅណាហើយ? មិនឃើញគាត់រត់មកជាមួយពួកយើងទេ។ ពួកយើងក៏នាំគ្នា ត្រឡប់ទៅកាន់បណ្ណាល័យវិញក្រែងលលោកនាយកមានគ្រោះថ្នាក់អ្វីខណៈខ្យល់កួចនោះបក់មក។
ពួកយើងស្មានមិនខុសឡើយ ទៅដល់ឃើញលោកនាយកសាលាដេកស្លាប់នៅក្នុងបណ្ណាល័យ មានឈាមហូរចេញពីមាត់គួរឱ្យអនិច្ចាណាស់ ។ សៀវភៅនេះសាហាវណាស់ តើអ្នកណា ជាអ្នកបង្កើតវាឡើង តើគេសរសេរអ្វីនៅក្នុងសៀវភៅនោះ?
ក្រោយពីលោកនាយកសាលាទទួលមរណៈភាព មានសារព័ត៌មានជាច្រើនចុះផ្សាយអំពីរឿងនេះ ។ ខ្ញុំជាអ្នកបកស្រាយរឿងរ៉ាវទាំងនោះដល់ពួកសារព័រត៏មាន ខ្ញុំបាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់ ដែលបានកើតឡើងតាំងពីដំបូងរហូតមក។(សូមរងចាំអានវគ្គបន្ត)
- Blogger Comments
- Facebook Comments
Item Reviewed: សៀវភៅពិឃាត
Description:
Rating: 5
Reviewed By: GHOST