ខ្ញុំទើបតែដូរមករស់នៅបន្ទប់ជួលថ្មីថ្ងៃនេះ នៅពេលដែលមកដល់ទីនេះភ្លាមខ្ញុំដូចជាមានអារម្មណ៍ មិនល្អសោះ ព្រោះអីនៅជាប់បន្ទប់ខ្ញុំទាំងសងខាងគ្មានមនុស្សនៅឡើយ ។ ខ្ញុំដូចជាសង្ស័យដែរ នៅបន្ទប់ជាប់ខ្ញុំមានច្រើនណាស់ ហេតុអីបានជាឮស្រីម្នាក់ត្អូញថា គ្មានបន្ទប់ជួល? គឺខ្ញុំសង្ស័យតែ.. ព្រោះអីមីងជាម្ចាស់ផ្ទះដូចជាជំរុញឱ្យខ្ញុំមកនៅបន្ទប់នេះដល់ហើយ ហើយយកថ្លៃជួលថោកទៀត ព្រោះគាត់ខ្លាចខ្ញុំមិននៅ។
ហ៊ើយ! កុំគិតច្រើនអី ចេះតែនៅសិនទៅ បានជាជ្រុលដូរមកហើយនោះ ម្យ៉ាងថ្លៃជួលក៏ថោកដែរ វាអាចឱ្យខ្ញុំសន្សំសំចៃប្រាក់បានខ្លះដែរ។
នៅពេលដែលខ្ញុំដើរទៅផ្សារមានស្ត្រីម្នាក់គាត់ប្រហែលជាបងខ្ញុំតិចតួចទេ គាត់បានញញឹមនិយាយ រាក់ទាក់ខ្ញុំ ដោយដឹងថាខ្ញុំជាចំណូលថ្មី៖
"អេប្អូនប្រុស នេះទើបតែមកនៅទីនេះមែនទេ?"
"បាទបងខ្ញុំទើបតែដូរមកថ្ងៃនេះឯង"
"អូ ប្អូនមិនដឹងទេឬ?"
"ដឹងរឿងអីទៅបង"(ខ្ញុំកាន់តែសង្ស័យ)
មើលទៅគាត់ដូចជាប្រុងនិយាយប្រាប់ខ្ញុំ តែមិនដឹងជាគិតយ៉ាងម៉េចគាត់ក៏និយាយផ្សឹងមកវិញថា៖
"អូ គឺមិនមានរឿងអីទេ ចឹងអូនទៅណាទៅចុះកុំឱ្យខាតពេល"
"បាទបង"
ខ្ញុំមិនយល់សោះ តើបន្ទប់ដែលខ្ញុំជួលនោះ មានខ្មោចលងឬ? ឬមួយក៏ធ្លាប់មានអ្នកស្លាប់ក្នុងនោះ? អូយ! គ្រាន់តែគិតព្រឺសប្បុរហើយតើ! តើខ្ញុំអាចរស់នៅក្នុងបន្ទប់នោះបានយូរប៉ុណ្ណាទៅ? ឱព្រះអើយ មិនគួរណាមកជួលប៉ះចំបន្ទប់បែបនេះសោះ។
យប់នេះខ្ញុំគេងមិនលក់សោះ ព្រោះអារម្មណ៍មិនស្ងប់ ចេះតែគិតថា ក្នុងបន្ទប់នេះមានខ្មោចលង ខ្ញុំគេងទទូលភួយទាំងបែកញើសជោគ។ ខ្ញុំមានអារម្មណ៍ថា ដូចជាឮសូរសម្រឹបជើងអ្នកណាម្នាក់ ដើរនៅក្បែរៗខ្ញុំ តើមកពីខ្ញុំគិតច្រើនទេដឹង? ទេ វាដូចជាកាន់តែច្បាស់ទៅ ច្បាស់ទៅហើយតើ! ខ្ញុំភ័យឡើងញ័រញាក់តែម្នាក់ឯង។ ឱ! ខ្ញុំនឹកឃើញហើយ នេះជាសម្លេងនាឡិកាទេតើ ចំមែនខ្ញុំនេះ ខ្ញុំធូរទ្រូងយ៉ាងខ្លាំង នៅពេលបានដឹងច្បាស់អំពីប្រភពសម្លេង ខ្ញុំក៏សំងំគេងលក់បាត់ទៅ។
នឹកឃើញរឿងយប់មិញអស់សំណើចខ្លួនឯង ហេតុតែគិតច្រើនទើបយល់ថាសម្លេងនាឡិកាជា ខ្មោចលងទៅវិញ ។ ចេញមកក្រៅបន្ទប់បងស្រីម្នាក់ដែលសួរនាំខ្ញុំលើកមុនដើរមកសួរ ទាំងសម្លឹង មើលមុខខ្ញុំ៖
"នែអាអូន នេះយប់មិញឯងមិនបានដេកទេឬ? បានជាមុខស្លក់ម្លេះ?"
ខ្ញុំដឹងថាគាត់សួរនេះមានន័យថាម៉េច ខ្ញុំឆ្លើយ៖
"គឺមិនបានច្រើននោះទេ"
គាត់សួរបញ្ជាក់ទាំងភ្ញាក់ផ្អើល៖
"គឺមានខ្មោចលងមែនទេ?"
ខ្ញុំក្រវីក្បាលរួចឆ្លើយប្រាប់គាត់ថា៖
"អត់មានខ្មោចលងទេ ហេតុអីបានជាបងសួរខ្ញុំបែបនេះ? តើបន្ទប់នេះមានខ្មោចឬ?"
គាត់ឆ្លើយទាំងស្ទាក់ស្ទើរ៖
"គឺ គឺគ្មានអីនោះទេ"
មើលទៅគាត់និយាយដូចជាមានរឿងអ្វីមួយលាក់បាំងនឹងខ្ញុំ ខ្ញុំក៏សួរគាត់វិញ៖
"បង តើបន្ទប់ខ្ញុំមានបញ្ហាអ្វីមែនទេ?"
"បងមិនហ៊ាននិយាយទេ ប្អូននៅបន្តិចទៀតនឹងដឹងហើយ"
ទោះជាយ៉ាងណាខ្ញុំត្រូវតែទ្រាំនៅផ្ទះនេះ ខ្ញុំមិនចង់ដូរកន្លែងចុះឡើងនោះទេ ប្តូរចុះប្តូរឡើងខ្ញុំមាន អារម្មណ៍ថាហត់នឿយណាស់។ តែវាគួរឱ្យខ្លាចដែរ បើមិនធ្លាប់មានហេតុការលងបន្លាចពីមុនមក មិនមែនបងស្រីម្នាក់នោះសួរដេញដោលខ្ញុំបែបនេះទេ ហើយនៅជាប់បន្ទប់ក៏គ្មានអ្នកណាហ៊ាននៅ ដែរ។
កំពុងតែធ្វើម្ហូប មិនដឹងជាសត្វឆ្មាខ្មៅមកពីណាទេ មកស្រែកមែវៗដាក់ខ្ញុំ ខ្ញុំដាក់សាច់ឱ្យស៊ីហើយ វានៅតែស្រែកដាក់ខ្ញុំដដែល ពិតជាគួរឱ្យធុញណាស់ ។ ខ្ញុំក៏ចាប់ឆ្មានោះទៅចោលនៅខាងក្រៅ ហើយបិទទ្វារជាប់ ហើយក៏មកអង្គុយធ្វើម្ហូបវិញទាំងធូរចិត្ត ព្រោះឆ្មានោះលែងមករំខានទៀត។
យីម៉ិចក៏ភ្លើងដាច់ចឹង? ងងឹតពិបាកធ្វើការណាស់ យ៉ាប់មែន បើបើកទ្វារ អាឆ្មាចង្រៃនោះវាមក រំខានទៀតហើយ។ នៅពេលនោះស្រាប់តែឮសម្លេងឆ្មាស្រែពីក្រោយខ្នងទៀត យី! ចុះវាចូលមកបានដោយរបៀបណា? គួរឱ្យឆ្ងល់ណាស់។
ឆ្មានេះធ្វើឱ្យខ្ញុំព្រឺសម្បុរហើយតើ? ខ្ញុំរកមើលក្នុងបន្ទប់ មិនឃើញមានចន្លោះអ្វីដែលគួរឱ្យវាចូលមក បានសោះ! យី ឆ្មានេះជាឆ្មាខ្មោចទេដឹង? ខ្ញុំសម្លឹងមើលទៅឆ្មានោះ កែវភ្នែករបស់វាភ្លឺព្រាក់ៗដោយ សារចាំងជាមួយភ្លើងចង្ក្រាន វាសម្លឹងមើលមកខ្ញុំស្រែកដាក់ខ្ញុំ គួរឱ្យខ្លាច ខ្ញុំមិនហ៊ានចូលទៅជិត វាទៀតទេ ។ វាដើរមករកខ្ញុំ ខ្ញុំឈានថយក្រោយ រហូតអឹបនឹងជញ្ជាំង ទាំងភ័យខ្លាចស្ទើរតែគាំង បេះដូងទៅហើយ។
ឆ្មានោះឈប់ ហើយឈរសម្លឹងមើលមុខខ្ញុំ ខ្ញុំក៏និយាយទៅកាន់វា៖
"ឯងមករកយើងធ្វើអី ឯងឆាប់ចេញទៅវិញទៅ"
វាក៏ស្រែកគ្រហឹមដាក់ខ្ញុំដែលបញ្ចេញសម្លេងដ៏គួរឱ្យខ្លាច មើលទៅវាពេលនេះដូចជាកំពុងតែខឹងខ្ញុំ វាក៏ពង្រីកខ្លួនធំទៅៗ ខ្ញុំក៏ស្រែកទាំងភ័យតក់ស្លុតទាំងរត់ទៅបើកទ្វារថា៖
"ជួយផង ជួយផង"
ខ្ញុំខំទាញ់ទ្វារបើក តែបើកមិនរួចសោះ ខ្ញុំខំគោះទ្វារ ខំស្រែកហៅគេឱ្យជួយ តែគ្មានអ្នកណា មកឡើយ។ ដោយអស់សង្ឃឹមនឹងការសុំជំនួយ ខ្ញុំក៏បែរទៅរកឆ្មានោះ ហើយនិយាយអង្វរវា៖
"យើងមិនបានធ្វើ់អ្វីឯងទេ ឯងកុំធ្វើបាបយើងអី"
ឆ្មានោះបានក្លាយទៅជាព្រលឹងខ្មោចមនុស្សស្រីដែលមានមុខមាត់ប្រឡាក់សុទ្ធតែឈាម ហើយនាង ក៏និយាយមកកាន់ខ្ញុំថា៖
"អ្នកណាប្រើឱ្យឯងមកនៅទីនេះ?"
"គឺ គឺខ្ញុំមិនដឹងថា ទីនេះមានខ្មោចឡើយ"
"ហាស ហាស យើងនឹងមិនឱ្យឯងចេញទៅបានឡើយ ព្រោះអីយើងចង់ឱ្យឯងស្លាប់ នៅជាមួយ
យើង ធ្វើជាកូនចៅរបស់យើង ហាស ហាស "
ខ្ញុំខ្លាចណាស់ ពេលនេះទាល់ច្រកហើយ មិនដឹងជារត់ទៅណានោះទេ គឺមានតែខំបុណ្យព្រះឱ្យមក ជួយប៉ុណ្ណោះ។
ខ្មោចស្រីនោះបានលូកដៃមករកច្របាច់កខ្ញុំ ខ្ញុំគិតថា ខ្ញុំច្បាស់ជាត្រូវខ្មោចស្រីនោះសម្លាប់ជាមិន ខានឡើយ។ នៅពេលនោះស្រាប់តែមានពន្លឺជះចូលព្រមទាំងសម្លេងទាញទ្វារបើក។ គឺជាម្ចាស់ ផ្ទះព្រមទាំងអ្នកជិតខាងជាច្រើនបាននាំគ្នាមក និងមានគ្រូចាប់ខ្មោចម្នាក់មកជាមួយផងដែរ។
ខ្ញុំត្រេកអរណាស់ ក៏ប្រញាប់រត់ទៅរកពួកគេ ទាំងនិយាយប្រាប់ពួកគេថា៖
"ខ្មោច ខ្មោចលងខ្ញុំ"
បងស្រីដែលនៅជិតបន្ទប់ឧស្សាហ៍មកសួរនាំខ្ញុំនោះបានមកនិយាយជាមួយខ្ញុំ៖
"បងដឹងថាប្អូនប្រាកដជាជួបប្រទះបែបនេះ ទើបបងទៅរកគ្រូ"
"អរគុណបងណាស់ ខ្មោចនោះប៊ិះនឹងសម្លាប់ខ្ញុំបាត់ទៅហើយ"
ខ្មោចស្រីនោះក៏បំបាំងខ្លួនបាត់ ។ លោកគ្រូអាចារ្យក៏និយាយ៖
"ខ្មោចនេះសាហាវណាស់ ហេតុអីម្ចាស់ផ្ទះដឹងដែរថាមានខ្មោច តែនៅតែជួលឱ្យគេនៅទៀត?"
ម្ចាស់ផ្ទះធ្វើអេះអុញនិយាយលែងចេញ គ្រូអាចារ្យក៏សួរទៀតថា៖
"តើអ្នកហ៊ានចំណាយ ដុតផ្ទះនេះចោលទេ?"
ម្ចាស់ផ្ទះក៏ប្រកែកយ៉ាងលឿនថា៖
"អត់ទេ មិនអាចដុតចោលបានទេ"
"បើមិនដុតចោល ខ្មោចនេះមិនអាចកំចាត់បានទេ ហើយកុំស្មានថាមានអ្នកអាចរស់នៅទីនេះបាន ឱ្យសោះ"
អ្នកនៅទីនោះស្រែកបន្ទរ៖
"ដុតចោលទៅ បើមិនដុត ពួកយើងនឹងរើចេញទាំងអស់គ្នា"
"ពិតមែនហើយ ខ្ញុំមិនទ្រាំនៅទៀតទេ"
ម្ចាស់ផ្ទះភ័យខ្លាចគេរើចេញណាស់ ក៏សួរលោកគ្រូអាចរ្យទាំងមុខស្អុយថា៖
"តើមានវិធីអ្វីផ្សេងទេលោកគ្រូ?"
"គឺអត់មានទេ ខ្មោចនេះពិបាកបង្រ្កាបណាស់ ព្រោះវាកើតកូនកើតចៅច្រើនណាស់ហើយ"
ម្ចាស់ផ្ទះនៅតែមិនព្រម ព្រោះគាត់ស្តាយផ្ទះ ហើយក៏និយាយទៅកាន់គ្រូថា៖
"ចឹងខ្ញុំគិតមើលប៉ុន្មានថ្ងៃសិនបានទេ?"
ឱ គិតៗទៅគួរឱ្យខឹងច្បាស់ផ្ទះនេះណាស់ មិនគួរណាបោកប្រាស់ខ្ញុំឱ្យមកត្រូវខ្មោចលងបែបនេះ សោះ។ ខ្ញុំក៏ស្រែកថាឱ្យគាត់៖
"តើមីងចង់ទុកឱ្យអ្នកណានៅ? បើផ្ទះនេះនៅមិនបានផងនោះ មីងចង់កុហកគេទៀតមែនទេ?"
គាត់ឆ្លើយតបទាំងដឹងខ្លួនថា៖
"មីងសុំទោសណាក្មួយ ព្រោះមីងស្មានថាមិនអី"
"ឥឡូវនេះវាអីហើយ មីងសម្រេចដុតផ្ទះនេះចោលទៅ"
គាត់នៅស្ងៀមមិនតបអ្វីឡើយ បងស្រីដែលនៅជិតខ្ញុំក៏និយាយម្តង៖
"តើចង់ឱ្យពួកយើងនៅបន្ត ឬក៏ចង់ទុកផ្ទះនេះ?"
គាត់ក៏ឆ្លើយទាំងកំបុតមុខក្រញ៉ូវមកវិញថា៖
"ចង់ដុតក៏ដុតចុះ"
ពេលនោះលោកគ្រូអាចារ្យក៏ធ្វើពិធី ដុតផ្ទះជួលមួយល្វែងនោះចោល ដើម្បីឱ្យខ្មោចស្រីនោះវិនាស ទៅជាមួយដែរ។ នៅពេលដែលដុតផ្ទះគេឮសូរសម្រែកខ្មោចស្រីស្រែកហាក់ដូចជាឈឺផ្សាណាស់ អញ្ចឹង ខ្មោចស្រីនោះក៏វិនាសបាត់ទៅ។ ចប់
Newer Post
Previous
This is the last post.
- Blogger Comments
- Facebook Comments
Item Reviewed: ខ្មោចក្នុងបន្ទប់ជួល
Description:
Rating: 5
Reviewed By: GHOST