ប្រកាសថ្មីៗ

Powered by Blogger.

ប្រេតបង្ហាញខ្លួន

លោកអ្នកប្រាកដជាធ្លាប់ឮ ធ្លាប់ដឹងអំពីរឿងប្រេតខ្លះមកហើយ តែខ្ញុំជឿថាប្រិយមិត្តមួយចំនួនមិនទាន់យល់ច្បាស់អំពីកំណើតប្រេតនៅឡើយទេ។ ថ្ងៃនេះខ្ញុំនឹងយករឿងពិតមួយដែលទាក់ទងនឹងប្រេតមកបង្ហាញជូនឱ្យប្រិយមិត្តបានយល់និងជ្រាប ដូចតទៅនេះ។
មុននឹងលើយករឿងប្រេតបង្ហាញខ្លួននោះមកនិយាយ ខ្ញុំសូមពន្យល់អំពីកំណើតប្រេតឱ្យប្រិយមិត្តបានយល់ជាមុនសិន។ ពួកប្រេតមិនមែនជាខ្មោច មិនមែនជាអសុរកាយ តែជាកំណើតមួយក្នុងចំណោមកំណើតអបាយទាំងបួន មានដូចជា នរក ប្រេត អសុរកាយ និង តិរច្ឆាន ។ កំណើតទាំងបួននេះជាកំណើតដែលរងទុក្ខវេទនា អ្នកដែលសាងបាបកម្មគឺតែងធ្លាក់ទៅកើតក្នុងកំណើតទាំងបួននេះជាក់ជាមិនខាន។
ពួកប្រេតមិនមានឋានផ្សេងដោយឡែកអំពីមនុស្ស ដូចដែលនៅក្នុងរឿងព្រេងខ្មែរនោះទេ គឺប្រេតរស់នៅលាយឡំជាមួយមនុស្សយើងហ្នឹងឯង គ្រាន់តែយើងមើលវាមិនឃើញប៉ុណ្ណោះ។ ប្រេតមានច្រើនបែបណាស់ រហូតដល់១២បែបឯណោះ តែពួកគេសោយទុក្ខវេទនាខុសៗគ្នា ទៅតាមបាបកម្មដែលខ្លួនសាង។ ប្រេតមិននៅក្នុងឋាននរក ឬក៏មានការជាប់ឃុំឃាំង​ ដល់ខែរដូវទើបដោះឱ្យចេញមកនោះទេ ព្រោះក្នុងគម្ពីរព្រះពុទ្ធសាសនា មិនមាននិយាយឡើយ ។
ពួកប្រេតស៊ីខ្ពុះឈាម កំហាក និងរបស់ស្មោកគ្រោកជាអាហារ នៅពេលដែលយើងខាកស្តោះ ពួកប្រេតក៏ប្រញ៉ៃគ្នាស៊ី ដោយភាពអត់ឃា្លន តែយើងមើលមិនឃើញ។ ប្រេតពួកខ្លះអាចទទួលបានអាហារបរិភោគ បើសិនជាពួកញាតិរបស់ខ្លួនដែលនៅរស់នៅនឹករលឹកធ្វើបុណ្យ យកចង្ហាន់ចំណីអាហារ ទៅប្រគេនព្រះសង្ឃ ឬជូនចំពោះអ្នកមានសីល ទើបប្រេតពួកនោះអាចទទួលបានអាហារបរិភោគឆ្អែត  ឬក៏បានរួចចាកអំពីទុក្ខលំបាកនៅក្នុងកំណើតប្រេត ដោយអានុភាពនៃអ្នកមានសីល មានព្រះសង្ឃជាដើម។
លោកអ្នកត្រូវដឹងថា ប្រេតនៅជុំវិញយើងគ្រប់ពេលទាំងអស់ និង នៅគ្រប់ទីកន្លែង ទឹកមាត់ កំហាក ដែលអ្នកខាកស្តោះ គឺ គេចមិនផុតពីការដណ្តើមគ្នាស៊ីអំពីពួកប្រេតអត់ឃ្លានទាំងនោះឡើយ។
មានមាណពម្នាក់ឈ្មោះ ចាន់ មានមុខរបរជាអ្នករកស៊ីកាប់ឧសលក់ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។ មាណពនោះគ្មានប្រពន្ធកូនឡើយ គេរស់នៅតែម្នាក់ឯងយ៉ាងត្រដាបត្រដួល។ តែគេជាមុស្សស្លូតត្រង់ និងមានសទ្ធាមុតមាំនៅក្នុងព្រះពុទ្ធសាសនាទៀតផង។
នៅវេលាយប់មួយមានប្រេតមួយរូបបានបង្ហាញខ្លួនស្រែកទួញយំនៅក្បែរផ្ទះមាណព។ មានណពកំសត់បានឮសម្រែកថ្ងួចថ្ងូរ នឹកឆ្ងល់ថាជាសម្លេងអ្វីប្លែកមិនធ្លាប់ឮបានចេញទៅមើល ក៏ឃើញប្រេតកំពុងតែទួញយំ ហើយក៏សួរប្រេតនោះថា"តើអ្នកជាអ្វី? មានរូបរាងចម្លែក ហេតុអ្វីបានជាអ្នក មកទួញយំនៅក្បែរផ្ទះខ្ញុំទៅវិញ?"។ ប្រេតឆ្លើយ"ខ្ញុំគឺជាប្រេត ខ្ញុំឃ្លានអាហារខ្លាំងណាស់ សុំអ្នកមេត្តា ឱ្យអាហារខ្ញុំបានបរិភោគផង"។ មាណពក៏តប"ខ្ញុំនឹងយកលអាហារដែលនៅសេសសល់បន្តិចបន្តួចរបស់ខ្ញុំ មកឱ្យអ្នកបរិភោគ ឥឡូវនេះ"។ ប្រេតរាដៃហើយប្រាប់មាណពថា" ទេ បើអ្នកឱ្យខ្ញុំដូច្នេះខ្ញុំទទួលមិនបានទេ គឺទាល់តែអ្នកយកអាហារទាំងនោះទៅជូនអ្នកមានសីលហើយឧទ្ទិសឱ្យខ្ញុំ ទើបខ្ញុំអាចទទួលបរិភោគបាន"។
លុះស្អែកឡើងមាណពកំសត់ក៏ប្រញាប់យកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ហើយឧទ្ទិសកុសលដល់ប្រេតដែលខ្លួនបានជួបនោះ។ ប្រេតនោះក៏បានរួចចាកអំពីភាពអត់ឃ្លាន ហើយបានក្លាយទៅជាទេវតា ដោយអានុភាពនៃបុណ្យកុសលដែលមាណពកំសត់ធ្វើចំពោះអ្នកមានសីលហើយឧទ្ទិសឱ្យ។
លុះវេលាយប់បានមកដល់ មាណពកំសត់នឹកសប្បាយចិត្តនឹងអំពើល្អដែលខ្លួនបានធ្វើ  គឺនឹកឃើញបុណ្យដែលគេបានធ្វើឧទ្ទិសជូនប្រេតដែលអត់ឃ្លាននោះ ទោះបីជាពេលនេះគេកពុងតែស្រេកឃ្លាន គ្មានអាហារបរិភោគខ្លួនឯងក៏ដោយ។ គេនៅអង្គុយទន្ទឹងចាំផ្លូវប្រេតមកជួប គេចង់ដឹងថា តើប្រេតនោះបានទទួលអាហារបរិភោគហើយឬនៅ។
នៅពេលនោះក៏ស្រាប់តែមានពន្លឺចាំចែងនៅខាងមុខផ្ទះមាណពកំសត់ ធ្វើឱ្យមាណពបើកភ្នែកធំៗដោផភាពភ្ញាក់ផ្អើល។ ទេវតាដែលទើបតែរួចអំពីកំណើតប្រេត បានបង្ហាញខ្លួននៅចំពោះមុខមាណព។ មាណពឃើញដឹងថាជាទេវតាក៏សួរ" តើទេវតាបង្ហាញខ្លួនមានការអ្វី?"។ ទេវតាតបថា"គឺយើងមកសងគុណអ្នក ដ្បិតយើងបានរួចអំពីប្រេតហើយក្លាយជាទេវតាបែបនេះ ដោយសារតែអ្នក បានធ្វើបុណ្យហើយឧទ្ទិសឱ្យយើង"។
មាណពមានចិត្តត្រេកអរណាស់នៅពេលដែលដឹងថាប្រេតដែលអត់ឃ្លានយំសុំអាហារនោះបាន ក្លាយទៅជាទេវតាដូច្នេះ។ គេក៏និយាយ"ខ្ញុំត្រេកអរណាស់នៅពេលឃើញអ្នកបានផុតអំពីក្តីលំបាកដូច្នេះ"។ ទេវតាក៏ប្រាប់ទៅកាន់មាណពថា" កាលនៅរស់ជាមនុស្សខ្ញុំមានទ្រព្យសម្បត្តិជាច្រើន ខ្ញុំបានកប់វាចោលនៅក្បែរផ្ទះអ្នកនេះឯង ក្រោយពីខ្ញុំស្លាប់ទ្រព្យសម្បត្តិមាសប្រាក់ទាំងនោះគ្មានអ្នកណាហួងហែងថែរក្សាទៀតទេ ដូច្នេះ ចូរអ្នកគាស់យកទ្រព្យសម្បត្តិ ដ៏ច្រើននោះធ្វើជារបស់ខ្លួនចុះ"។
មាណពកំសត់ក៏បានគាស់ដីរកមាសប្រាក់តាមដែលទេវតាប្រាប់ ក៏បានឃើញហឹបដ៏ធំមួយ នៅក្នុងនោះ មានមាសប្រាក់កែវកងជាច្រើន ។ មាណពបានយកមាសប្រាក់ទាំងនោះទៅថ្វាយព្រះរាជា ព្រះរាជក៏ប្រទានមាសប្រាក់ទាំងនោះឱ្យទៅមាណពជាអ្នកគ្រប់គ្រងថែរក្សា។ ចាប់តាំងពីពេលនោះមក មាណពកំសត់ក៏បានក្លាយទៅជាសេដ្ឋី ដោយសារតែកម្លាំងបុណ្យដែលគេបានធ្វើចំពោះប្រេត និងអ្នកមានសីលហុចផលអោយ៕ (ចប់)



  • Blogger Comments
  • Facebook Comments
Item Reviewed: ប្រេតបង្ហាញខ្លួន Description: Rating: 5 Reviewed By: GHOST
Scroll to Top