ប្រកាសថ្មីៗ

Powered by Blogger.

តៃហោង១០០០ឆ្នាំ‬ ភាគបញ្ចប់

នាយប៉ោយកំពុងតែឆីអាហារគ្រប់មុខដ៏ឆ្ងាញ់ ស្រាប់តែអាហារទាំងអស់ ដែលនៅចំពោះមុខគេក្លាយទៅជាសត្វជន្លេនមួយរំពេច ហើយផ្ទះដែលគេកំពុងតែស្នាក់នៅបានរលាយបាត់អស់ ត្រឹមតែមួយខណៈចិត្ត។ នាយប៉ោយឃើញអាហារដែលខ្លួនកំពុងតែឆី ក្លាយទៅជាជន្លេនដូច្នេះ ក៏ក្អួតចេញមកដោយខ្ពើមរអា ហើយក៏ស្រែកទាំងសម្លឹងមើលជុំវិញខ្លួនដូចជាចង់យំថា៖
"ខ្មោច! ខ្លោចលង!"
លោកគ្រសិល្ប៍ដែលកពុងធ្វើពិធីកំចាត់ខ្មោច និងឪពុកម្តាយនាយប៉ោយហើយនិងពួកអ្នកភូមិដែលនៅជិតនោះបានឮសម្លេងនាយប៉ោយក៏សម្លឹងមើលទៅកាន់គេ ក៏ឃើញនាយប៉ោយ កំពុងតែយំស្រែកដោយភ័យខ្លាច។
យាយយ៉យតាញឹកត្រេកអរណាស់ ក៏ប្រញ៉ាប់ស្ទុះទៅរកកូន ទៅដល់យាយយ៉យក្រសោបឱបកូនយំរៀបរាប់ថា៖
"កូនម្តាយ ម្តាយសប្បាយចិត្តណាស់ កូនកើតអីទេកូនម្តាយ ម្តាយដើររកកូនជាច្រើនថ្ងៃមកហើយ ឥឡូវនេះបានជួបហើយ"
នាយប៉ោយយំប្រាប់ម្តាយដូចជាកូនក្មេងថា៖
"ម៉ែ! កូនស៊ីជន្លេនរាល់ថ្ងៃ កូនចាញ់បោកខ្មោច"
តាញឹកលាន់មាត់ដោយខឹងក្រោធ៖
"ពួកអាខ្មោចអស់នេះ វាហ៊ានធ្វើដាក់កូនអញដល់ម្លឹង!"
គ្រូសិល្ប៍ក្រឡេកមើលជុំវិញខ្លួន ដោយប្រើញាណពិសេសម្យ៉ាង ហើយក៏និយាយ៖
"ពួកវារត់អស់ហើយ"
តាញឹកបែរមកនិយាយអង្វរគ្រូសិល្ប៍៖
"លោកគ្រូ ខ្ញុំឈឺចិត្តណាស់ វាធ្វើបាបកូនប្រុសខ្ញុំ សូមលោកគ្រូធ្វើយ៉ាងណាកំចាត់ពួកវាវាឱ្យបានផង"
"ខ្ញុំមិនទុកពួកវាអោយនៅសម្លាប់អ្នកភូមិបន្តទៀតទេ ខ្ញុំនឹងរកវិធីកំចាត់ពួកវាឱ្យបាន"
...................................
ខ្មោចយាយចាស់ក៏បានមកអាស្រ័យនៅនៅដើមឈើមួយដើមទៀត តែដើមនោះមានពពួកខ្មោចព្រាយអសុរកាយជាច្រើនរស់នៅទៅហើយ ពួកខ្មោចព្រាយអសុរកាយដែលនៅទីនោះបានដេញមិនឱ្យយាយខ្មោចនិងនាងខ្មោចក្រមុំនៅឡើយ តែខ្មោចយាយចាស់អង្វរសុំពួកគេនៅបណ្តោះអាសន្នសិន ពួកគេក៏យល់ព្រម។
ខ្មោចយាយចាស់បន្ទោសខ្មោចនាងក្រមុំ៖
"មកពីឯង មកពីឯងម្នាក់គត់! ទើបធ្វើឱ្យយើងធ្លាក់ខ្លួនដល់ថ្នាក់នេះ"
"យាយ! យាយស្មានថាខ្ញុំចង់ឱ្យកើតណាស់ឬ? សូមយាយឈប់បន្ទោសខ្ញុំទៅ"
"យើងក្តៅក្រហាយណាស់ យើងមិនគួរណាឆក់យកជីវិតឯងមកធ្វើជាកូនចៅយើងសោះ"

 នាយប៉ោយបាននិយាយរ៉ាយរ៉ាប់អំពីការចាញ់បោកពួកខ្មោចទាំងនោះដល់អ្នកភូមិ នឹងឱ្យពួកអ្នកភូមិប្រុងប្រយ័ត្ន ព្រោះខ្លាចជួបរឿងដូចខ្លួន។
គ្រូសិល្ប៍បានដេញជើងលេខមើលឃើញថា ពួកខ្មោចទាំងនោះ នឹងមករករឿងពួកអ្នកភូមិទៀតជាមិនមិនខាន ហើយគាត់ក៏ត្រៀមខ្លួនដើម្បីកំចាត់ពួកខ្មោចទាំងនោះផងដែរ។
...................................
ខ្មោចយាយចាស់បានក្រឡាខ្លួនជាស្រីក្រមុំដ៏ស្រស់ស្អាត ក្រោយពីនិមិត្តខ្លួនជាស្រីក្រមុំរួចហើយ គេបានសម្លឹងមើលរូបរាងខ្លួនដោយការពេញចិត្ត។ ខ្មោចនាងក្រមុំមកដល់មើលរូបរាងខ្មោចយាយចាស់ពីក្បាលដល់ចុងជើងទាំងលាន់មាត់ថា៖
"អីយ៉ា! យាយស្អាតខ្លាំងណាស់ ហើយយាយនិមិត្តខ្លួនបែបនេះចង់ធ្វើអ្វីទៅ?"
ខ្មោចយាយចាស់តបទាំរញាំរញ៉ូវមកវិញ៖
"គឺយើងចង់ទៅសម្លាប់មនុស្សនៅក្នុងភូមិ ដើម្បីបន្ថែមរិទ្ធិអំណាច"
"យាយ ខ្ញុំថា កុំអាលអីល្អជាង ព្រោះពួកគេប្រហែលជាអាងគ្រូសិល្ប៍ម្នាក់នោះជាមិនខាន"
"យើងមិនខ្លាច! ឯងត្រូវតែទៅជាមួយយើង!"
នាងខ្មោចក្រមុំក៏យល់ព្រមតាមយាយចាស់ទាំងមិនចង់ទៅជាមួយឡើយ ព្រោះនាងខ្លាចវិនាសដោយសារគ្រូសិល្ប៍ម្នាក់នោះ។
ខ្មោចយាយចាស់និងនាងក្រមុំបានក្លែងធ្វើជាអ្នកជួញដូរគ្រឿងក្រអូប ហើយទៅលក់នៅក្នុងភូមិនោះ។ ខ្មោចយាយចាស់ធ្វើជាបងស្រីឯខ្មោចនាងក្រមុំធ្វើជាប្អូន។ពួកគេទាំងពីរបានដើរលក់គ្រឿងក្រអូននៅក្នុងភូមិទាំងកណ្តាលថ្ងៃត្រង់ មានស្រីៗក្រមុំជាច្រើនបាននាំគ្នាចោមរោមទិញ។
នៅពេលដែលពួកនាងៗទាំងនោះកំពុងតែរើសមើលទឹកអប់ យាយខ្មោចបានភ្លុំត្រចៀកសណ្តំពួកនាង ធ្វើឱ្យពួកនាងទៅជាអង្គុយភ្លឹក ហើយខ្មោចយាយចាស់និងខ្មោចនាងក្រមុំក៏បាននាំពួកនាងទៅកន្លែងស្ងាត់ ដើម្បីធ្វើការសម្លាប់។

 ក្រោយពីនាំពួកនាងៗក្រមុំមកដល់កន្លែងព្រៃស្ងាត់ យាយខ្មោចតៃហោងបានសើចដោយសំណើចដ៏គួរឱ្យខ្លាច លាន់រំពងពេញព្រៃ។ ឯពួកនាងក្រមុំទាំងនោះនៅធ្មឹង មិនដឹងខ្យល់អ្វីឡើយ។
នាងខ្មោចក្រមុំនិយាយទៅកាន់ខ្មោចយាយចាស់៖
"បើសម្លាប់ពួកនាងៗអស់ហ្នឹងហើយ យាយមានកូនចៅកាន់តែច្រើនជាមិនខាន ហើយខ្ញុំក៏មានគ្នាច្រើនដែរ ពេលនោះខ្ញុំគឺជាមេរបស់ពួកនាងបន្ទាប់ពីយាយជាមិនខាន"
"នាងខ្មោចអំពលទុក្ខឯងនេះ បើបានពួកនាងមកយើងនឹងទាន់ក្បាលនាងឯងចោលហើយ"
យាយខ្មោចពោលតែមាត់ប៉ុណ្ណោះ ឯនាងខ្មោចក្រមុំក៏ធ្វើមុខពេបលែងហារស្តី តែនាងដឹងថាចិត្តយាយខ្មោចមិនគិតបែបនេះឡើយ ។
.........................................
ឪពុកម្តាយពួកនាងក្រមុំដែលខ្មោចនាំយកទៅនោះ បាននាំគ្នាផ្អើលឆោឡោបាត់កូន ដើររកពេញភូមិ រកសព្វទីកន្លែងមិនឃើញ ក៏ទៅពឹងគ្រូសិល្ប៍ឱ្យជួយ។
គ្រូសិល្ប៍ក៏ប្រញាប់ចេញទៅស្វែងរកពួកនាងៗដែលបាត់ខ្លួននោះ ដោយយកសម្ភារៈកំចាត់ខ្មោចព្រាយជាច្រើនទៅជាមួយ។
ថ្ងៃនេះមេឃអួអាប់ខុសពីធម្មតា គ្រូសិល្ប៍បានមកដល់ព្រៃដែលខ្មោចតៃហោង១០០០ឆ្នាំនាំពួកនាងក្រមុំកូនអ្នកភូមិមកសម្លាប់។ គ្រាន់តែមកដល់ភ្លាម ខ្សែកស័ក្តិសិទ្ធរបស់គាត់ឱ្យសញ្ញាភ្លាមថា មានខ្មោចនៅក្នុងព្រៃនេះ គាត់ក៏រៀបចំបាយសីគ្រឿងដង្វាយគ្រូ ដើម្បីធ្វើពិធីខាបប្រលឹងខ្មោចនៅទីនោះភ្លាម ដោយមានអ្នកភូមិជាច្រើនចូលរួមជាមួយផងដែរ ហើយក្នុងចំណោមនោះនាយប៉ោយ ខ្នះខ្នែងជួយគ្រូសិល្ប៍ជាងគេ។
នាយប៉ោយសួរគ្រូសិល្ប៍៖
"លោកគ្រូ! តើខ្ញុំអាចជួយអ្វីលោកគ្រូបានខ្លះ?"
គាត់តបទាំងរៀបចំចងខ្សែសីមា៖
"ឯងជាមនុស្សតែម្នាក់គត់ ដែលស្គាល់ខ្មោចទាំងនោះ ហើយខ្មោចនាងក្រមុំក៏លង់ស្រលាញ់ឯងណាស់ដែរ ដូច្នេះឯងត្រូវតែទៅបញ្ឆោតនាង ដោយធ្វើយ៉ាងណាលួងលោមឱ្យនាងជឿទុកចិត្ត រួចសូត្របាលីដែលយើងឱ្យដើម្បីខាបនាងឱ្យចូលក្នុងឃ្លោកហើយចុកស្នុកឱ្យជិតវានឹងលែងចេញទៅណារួចហើយ ឯខ្មោចយាយចាស់ទុកឱ្យយើងជាអ្នកដោះស្រាយ"
"បាទលោកគ្រូ! ខ្ញុំនឹងធ្វើ់ឱ្យបាទ"
"ល្អណាស់"
.............................................
ខ្មោចយាយចាស់កំពុងតែរៀបចំសម្លាប់ពួកនាងក្រមុំ វាក៏និយាយទៅកាន់ខ្មោចនាងក្រមុំថា៖
"យើងយល់ដល់ឯងដែលធ្លាប់តែរងសុខទុក្ខជាមួយយើងជាយូរមកហើយនោះ ដូច្នេះយើងចែកពួកនាងឱ្យឯងពាក់កណ្តាលជាអ្នកសម្លាប់ ដើម្បីឱ្យឯងមានរិទ្ធអំណាចខ្លាំពូកែដូចយើងដែរ"
ខ្មោចនាងក្រមុំត្រេកអរណាស់ក៏ឆ្លើយទទួលយ៉ាងលឿន៖
"អរគុណណាស់យាយ! ខ្ញុំំដឹងថាយាយមិនចោលខ្ញុំឡើយ"
"ឯងយកពួកនាងទៅសម្លាប់ឱ្យឆ្ងាយពីយើងទៅ កុំឱ្យវិញ្ញាណពួកនាងលាយឡំជាមួយរបស់យើង"
"ចាសយាយ"
នាងក៏ប្រញាប់នាំពួកនាងដែលជាចំណែករបស់ខ្លួនចេញទៅឱ្យឆ្ងាយដាច់អំពីរបស់យាយចាស់ ដើម្បីធ្វើការសម្លាប់។

 ខ្មោចនាងក្រមុំបាននាំពួកនាងមកដល់កន្លែងមួយ នាងនិយាយទៅកាន់ពួកនាងៗទាំងដឹងហើយថាពួកនាងមិនអាចស្តាប់យល់៖
"ហឹស! ពួកឯងនឹងក្លាយជាកូនចៅរបស់យើងជាមិនខាន ហាស! ហាស! ហាស!"
នាយប៉ោយបានធ្វើដំណើរមកដល់ គ្រាន់តែបានឃើញនាងខ្មោចក្រមុំភ្លាម បេះដូងនាយប៉ោយកើតក្តីញាប់ញ័រយ៉ាងខ្លាំង ព្រោះតែសម្រស់របស់នាងដែលខ្លួនធ្លាប់តែលង់ជាប់ជំពាក់ពីមុនមក សេចក្តីប្រតិព័ន្ធក៏ចាប់ផ្តើមពុះកញ្ជ្រោលឡើងវិញចំពោះនាងខ្មោចក្រមុំ គេហាក់មិនដាច់ចិត្តនឹងខាបយកវិញ្ញាណរបស់នាងសោះ គឺគេបានត្រឹមតែឈរសម្លឹងមើលនាងពីចម្ងាយឡើងបែកញើសជោគប្រាណ ដៃរបស់គេដែលកាន់ឃ្លោកស្រូបវិញ្ញាណ ញ័រញាក់ ដោយចិត្តស្ទាក់ស្ទើរ លាយទៅដោយភាពភ័យខ្លាច។ គេសួរខ្លួនឯងក្នុងចិត្តថា៖
"ហេតុអីបានជាឯងឈានជើងទៅមុខទៀតមិនកើត ហេតុអ្វីក្នុងចិត្តនេះស្ទាក់ស្ទើរទៅវិញ?"
នាងខ្មោចក្រមុំចាប់ផ្តើមធ្វើការច្របាច់កស្រីម្នាក់ ឃើញដូច្នេះនាយប៉ោយក៏ស្រែកមកថា៖
"អូនចៃ! កុំអី!"
នាងខ្មោចក្រមុំដែលកំពុងតែមានទឹកមុខកាចឃោឃៅ នៅពេលដែលឮសម្លេងនាយប៉ោយក៏ផ្លាសទឹកមុខជាស្លូតភ្លាម លែងដៃពីកស្រីដែលមាងបម្រុងនឹងសម្លាប់ចោល ហើយបែររកមើលនាយប៉ោយ ដោយចិត្តនឹករលឹកចង់ជួបមុខយ៉ាងខ្លាំង។ គ្រាន់តែក្រឡេកឃើញនាយប៉ោយភ្លាម នាងត្រេកអរណាស់ តែនាងបែរជាមានទឹកមុខស្រពាប់ស្រពោន ព្រោះតែគិតថា នាយប៉ោយមិនស្រលាញ់នាងដូចមុនឡើយ ហើយគេស្អប់នាងខ្លាំងជាមិនខាន។ នាងក៏សួរនាយប៉ោយថា៖
"បងមកទីនេះមានការអ្វី?"
នាយប៉ោយដើរចូលមកជិតនាងរួចក៏ឆ្លើយ៖
"គឺខ្ញុំមកជួយសង្គ្រោះកូនក្រមុំអ្នកភូមិដែលនាងចាប់យកមក"
ចម្លើយរបស់នាយប៉ោយចេញមកដូច្នេះ ធ្វើឱ្យនាងខ្មោចក្រមុំឱនមុខចុះដោយរអៀសខ្លួន។ នាងប៉ោយក៏ថ្លែងទៅកាន់ខ្មោចនាងក្រមុំទៀតថា៖
"សូមនាងដោះលែងពួកនាងទាំងអស់ឱ្យវិលទៅរកឪពុកម្តាយគេវិញទៅ"
ខ្មោចនាងក្រមុំបែរមុខចេញ ក្នុងចិត្តរបស់នាងនៅពេលនេះក្តុកក្តួលយ៉ាងខ្លាំង នាងមិនសង្ឃឹមថា នឹងបាននាយប៉ោយធ្វើជាប្តីទៀតឡើយ នាងក៏តបទៅនាយប៉ោយទាំងខំប្រឹងធ្វើចិត្តកុំឱ្យទន់ជាមួយគេថា៖
"យើងមិនព្រម យើងនឹង សម្លាប់ពួកវាឱ្យអស់"
"ចៃ ហេតុអ្វីបានជាចៃកាចសាហវឃោឃៅម្លេះ? គឺមិនដូចចៃដែលខ្ញុំធ្លាប់ស្រលាញ់ពីមុនមកទេ"
ឮដូច្នេះខ្មោចនាងក្រមុំក៏ស្រក់ទឹកភ្នែក តែនាងបែរមុខចេញលួចជូនទឹកភ្នែកមិនឱ្យនាយប៉ោយដឹងទេ នាងពោលថា៖
"ឯងឆាប់ចេញទៅវិញទៅ! បើមិនដូច្នេះទេ យើងនឹងសម្លាប់ទាំងឯងជាមិនខាន"
ហេតុតែចិត្តទន់ទើបមិនសូត្របាលីខាបយកវិញ្ញាណនាង សុខចិត្តមកនិយាយស្រួលបួល តែបែរមិនបានលទ្ធផលទៅវិញ នាយប៉ោយក៏ដាច់ចិត្តសូត្របាលី 

 នាយប៉ោយសូត្របាលីខាបវិញ្ញាណ វិញ្ញាណនាងខ្លោចក្រមុំក៏ស្រូបចូលទៅក្នុងឃ្លោកមួយរំពេច។
មកដល់ក្នុងឃ្លោកនាងយំទួញស្រែកឱ្យនាយប៉ោយដោះលែង ដោយនិយាយរៀបរាប់ថា៖
"បងប៉ោយ ហេតុអីបានជាបងដាច់ចិត្តម្លេះ? បងមិនអាណិតអូនសូម្បីតែបន្តិច បងចិត្តអាក្រក់ណាស់"
នាយប៉ោយអួលដើមក អាណិតនាងខ្មោចក្រមុំ តែនៅពេលដែលនឹកឃើញដល់គ្រាស៊ីជន្លេនគេក៏កើតចិត្តខឹងនាងឡើង ហើយក៏និយាយ៖
"នាងកុហកយើង នាងជាខ្មោចធ្វើម្តេចអាចរួមរស់ជាមួយគ្នាបាន នាងរងចាំឱកាសសម្លាប់ខ្ញុំតែប៉ុណ្ណោះ"
នាយប៉ោយនិយាយចំចំណុច នាងខ្មោចក្រមុំ រកថ្លែងអ្វីតបមិនចេញ បានត្រឹមតែយំខ្សឹកខ្សួលតែប៉ុណ្ណោះ។
..................................................................
ខ្មោចយាយចាស់១០០០ឆ្នាំត្រូវគ្រូសិល្ប៍ចងខ្សែសីមាជាប់ នាងក៏ស្រែកទៅកាន់គ្រូសិល្ប៍ថា៖
"ដោះលែងយើង! អាគ្រូសិល្ប៍ចង្រៃ! ដោះលែងយើងភ្លាមទៅ!"
គ្រូសិល្ប៍៖
"បើយាយធ្វើស្លូតដូចជាខ្មោចធម្មតា នោះយាយប្រហែលជាមិនជួបរឿងបែបនេះទេ នេះមកជាយាយចង់បានរិទ្ធអំណាច តែយាយមិនបានដឹងទេថា អំណាចដែលបានមករបៀបនោះ វាប្រឈមនឹងការវិនាសអន្តរាយ"
យាយខ្មោច៖
"ជាងមួយពាន់ឆ្នាំហើយ គ្មានអ្នកណាធ្វើអីយើងបានឡើយ យើងនឹងខំ យើងនឹងខំប្រឹងយកឈ្នះឯងវិញឱ្យបាន ហាស ហាស ហាស "
យាយខ្មោចបានប្រឹងអស់ពីកម្លាំងកាយ ផ្តាច់ខ្សែសីមាដែលរំព័ទ្ធខ្លួននោះដាច់អស់រលីង ហើយហោះទៅលើ បង្កើតជាខ្យល់ព្យុះបក់បោកអ្នកភូមិនៅទីនោះយ៉ាងខ្លាំង ធ្វើឱ្យពួកគេដួលផ្កាប់ផ្ងា ប្រវេប្រវា តោងនេះតោងនោះគ្រប់គ្នា។
យាយខ្មោចបានដៃ ខំបញ្ចេញមហិទ្ធិរិទ្ធរបស់ខ្លួន ប្រើកម្លាំងខ្យល់ម្យ៉ាង បុកតម្រង់ទៅសម្លាប់គ្រូសិល្ប៍ តែត្រូវគ្រូសិល្ប៍ប្រើយ័ន្តពិសេសជាខែលការពារទាន់់។
យាយខ្មោចក៏ប្រើវិធីម្យ៉ាងទៀតដើម្បីសម្លាប់គ្រូសិល្ប៍ ដោយហៅសត្វត្រចៀវយក្សមកជាច្រើនមក។
គ្រូសិល្ប៍ឃើញដូច្នេះក៏លាន់មាត់៖
"ត្រចៀវយក្ស!"
មានបុរសម្នាក់ស្រែកសួរគ្រូសិល្ប៍៖
"ហេតុអ្វីបានជាលោកគ្រូមិនកំចាត់យាយខ្មោចនោះទៅ?"
"ពេលនេលនេះឃ្លោកខាបវិញ្ញាណមិននៅគ្រូទេ ទាល់តែប៉ោយមកដលទើបអាចកំចាត់យាយខ្មោចនេះបាន"
រំពេចនោះស្រាប់ត្រចៀវយក្សមួយមកដល់ឆាបពីលើគ្រូសិល្ប៍ ធ្វើឱ្យគ្រូសិល្ប៍គេចរហូតដួលទៅនឹងដី។ យាយខ្មោចឈរសើចយ៉ាងក្អាកក្អាយ រួចក៏ពោលថា៖
"នេះជារិទ្ធអំណាចរបស់យើង ពួកឯងស្គាល់ឱ្យហើយទៅ មុននឹងស្លាប់ ហាស! ហាស! ហាស ! "
ដោយពួកត្រចៀវយក្សមានច្រើនមកអុកឡុកដេញឆាបពួកអ្នកភូមិ និងគ្រូសិល្ប៍ផងនោះ ទើបធ្វើឱ្យគ្រូសិល្ប៍មិនអាចរៀបចំធ្វើពិធីអ្វីបាន។
យាយខ្មោចបានដៃ ក៏ចូលមកប្រយុទ្ធជាមួយលោកគ្រូសិល្ប៍ គឺឆ្លៀតឱកាសនៅពេលលោកគ្រូសិល្ប៍កំពុងតែវីវក់ជាមួយត្រចៀវយក្ស។
យាយចាស់បានបញ្ចេញកម្លាំងធាតុរបស់ខ្លួនប្រើខ្យល់ឱ្យកួចយកគ្រូសិល្ប៍ តែគ្រូសិល្ប៍បានប្រើកម្លាំងរបស់ខ្លួនទប់ទល់ទាំងត្រដរ ធ្វើឱ្យខ្យល់កួចនោះរសាយអស់ទៅ ឯខ្មោចយាយចាស់នៅពេលធ្វើគ្រូសិល្ប៍មិនបែកដូច្នេះ ក៏ដួលខ្លួនឯង ព្រោះអស់កម្លាំងធាតុ។
នាយប៉ោយក៏បានមកដល់ហុចឃ្លោកឱ្យគ្រូសិល្ប៍ គ្រូសិល្ប៍ក៏ខាបយកខ្មោចយាយចាស់ចួលទៅក្នុងឃ្លោកបាត់ទៅ។ ឯសត្វត្រចៀវយក្សទាំងនោះក៏ហើរត្រឡប់ទៅវិញ ដោយអស់បញ្ជារ។
ពួកនាងៗដែលខ្មោចចាប់មកនោះត្រូវលោកគ្រូសិល្ប៍ព្យាបាលឱ្យមានស្មារតីដូចធម្មតាវិញ។ លោកគ្រូសិល្ប៍បានយកឃ្លោកនោះទៅកប់ដីនៅក្នុងព្រៃដ៏ជ្រៅមួយដោយមានសីមារការពារយ៉ាងល្អ ចាប់តាំងពីពេលនោះមកអ្នកភូមិរស់នៅយ៉ាងសុខសាន្ត ព្រោះមិនមានពួកខ្មោចអសុរកាយបៀតបៀនដូចមុន៕
ចប់

Next
This is the most recent post.
Older Post
  • Blogger Comments
  • Facebook Comments
Item Reviewed: តៃហោង១០០០ឆ្នាំ‬ ភាគបញ្ចប់ Description: Rating: 5 Reviewed By: GHOST
Scroll to Top